កម្ពុជា ម៉ាល់ឌីវគ្រោងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងនាំចូលចំណីអាហារពីកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសម៉ាល់ឌីវ បានសង្កេតឃើញពីសក្ដានុពលនៅកម្ពុជា ហើយគ្រោងធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ជាពិសេសការនាំចូលប្រភេទចំណីអាហារ ទៅប្រទេសដែនកោះអាស៊ីខាងត្បូងមួយនេះ។

នេះបើយោងតាមលោកអាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ។

លោក អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានសង្កេតឃើញពីសក្ដានុពលនៅកម្ពុជា ដែលប្រទេសម៉ាល់ឌីវ និងកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាពិសេសលើវិស័យពាណិជ្ជកម្ម។ លោកថា ប្រទេសកម្ពុជា មានប្រភពចំណីអាហារ ដែលអាចនាំចេញទៅប្រទេសម៉ាល់ឌីវ នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាឌីវ ឱ្យពិនិត្យមើលការវិនិយោគនៅក្នុងកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពី កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសម៉ាល់ឌីវ ជួយជម្រុញអ្នកវិនិយោគ ក្នុងការពិនិត្យមើលសក្ដានុពលនៅប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើង។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង អំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេសនៅលើវិស័យកសិកម្ម ដោយកម្ពុជាបានអនុញ្ញាតឱ្យជនបរទេស មកបណ្ដាក់ទុន១០០%  ជាពិសេសនៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជា ការដាក់ម៉ាស៊ីនកិនស្រូវ ការវិនិយោគទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិន ហើយសម្រាប់នាំចេញទៅប្រទេសដទៃ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឱ្យលើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here