លោកហ៊ុន ម៉ានីៈ តួអង្គជោគជ័យ គីជាតួអង្គដែលចេះស្គាល់ឱកាស ចាប់ឱកាស និងបង្កើតឱកាស

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការចេះស្គាល់ឱកាស ចាប់ឱកាស បង្កើតឱកាសគឺជាកត្តាមួយយ៉ាងសំខាន់ ដើម្បីឈានដល់ការសម្រេចភាពជោគជ័យ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ នេះគឺជាប្រសាសន៍របស់លោកហ៊ុន ម៉ានីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប នៅអគារ The Kampus នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោកហ៊ុន ម៉ានីបានលើកឡើងថា បច្ចេកវិទ្យា និងអ៉ីនធឺណិត បានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នៅគ្រប់ផ្នែក និងគ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះការចាប់យកបច្ចេកវិទ្យា និងរៀនសូត្រពីបច្ចេកវិទ្យា ពិតជាសំខាន់ ចំបាច់ និងចំពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ និងការស្តារសេដ្ឋកិច្ច-សង្គម បន្ទាប់ពីវិបត្តិកូវីដ-១៩ បានវាយលុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា “ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន ក្នុងការកំណត់ភាពជោគជ័យ នៃការរីកចម្រើនរបស់បច្ចេកវិទ្យា”។ លោកបន្ថែមថា “ក្នុងន័យនេះ ការបណ្តុះបណ្តាល “អក្ខរកម្មឌីជីថល» ពិតជាជួយជំរុញដល់ការកសាងធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើការជាមួយបច្ចេកវិទ្យាយ៉ាងពិតប្រាកដ”។

ទន្ទឹមនឹងនេះដែរ លោកហ៊ុន ម៉ានីបានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់សិក្ខាកាមអោយខិតខំស្វែងយល់ និងសិក្សារៀនសូត្រអំពីការវិវត្តនៃសង្គមឌីជីថលជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនអោយរួចរាល់ ក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមបរិបទឧស្សាហកម្ម៤.០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here