ដោយ: លាងហួរ
សេអ៊ូល: ទិន្នន័យពីធនាគារកណ្តាលបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថា បំណុលបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងត្រីមាសទីពីរ ដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃបំណុលរយៈពេលខ្លី។
បំណុលបរទេសបានកើនឡើង ដល់កម្រិតខ្ពស់ថ្មីចំនួន៦៦២ពាន់លានដុល្លារអាមេរិកនៅចុងខែមិថុនា កើនឡើង៧,៩ពាន់លានដុល្លារធៀបនឹងរយៈពេលបីខែមុន។
បំណុលរយៈពេលខ្លី ដែលមានរយៈពេលតិចជាងមួយឆ្នាំបានកើនឡើង៨,៩ពាន់លានដុល្លារ ដល់១៨៣,៨ពាន់លានដុល្លារ ក្នុងរយៈពេលដែលបានលើកឡើង ប៉ុន្តែបំណុលខាងក្រៅរយៈពេលវែង បានកាត់បន្ថយ១ពាន់លានដុល្លារមកត្រឹម៤៧៨,២ពាន់លានដុល្លារ។
សមាមាត្រនៃបំណុលបរទេសរយៈពេលខ្លី ទៅនឹងបំណុលខាងក្រៅសរុបមានចំនួន២៧,៨ភាគរយ នៅចុងខែមិថុនា កើនឡើង១ភាគរយពីបីខែមុន។
សមាមាត្រនៃបំណុលបរទេសរយៈពេលខ្លី ទៅនឹងទុនបំរុងបរទេសរបស់ប្រទេស បានកើនឡើង៣,៧ភាគរយ ដល់៤១,៩ភាគរយនៅក្នុងត្រីមាសទីពីរ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំ ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ២០១២។
ឥណទានខាងក្រៅសុទ្ធ ឬឥណទានខាងក្រៅដកបំណុលបរទេសចេញមានចំនួន៣៨៦,១ពាន់លានដុល្លារ នៅចុងខែមិថុនា ធ្លាក់ចុះ៣៩,៦ពាន់លានដុល្លារពីបីខែមុន៕