ប្រទេសចិនកាត់បន្ថយអត្រាការប្រាក់ដោយមិនបានរំពឹងទុក ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច

ដោយៈ លាងហួរ

ចិនៈ ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រើប្រាស់កញ្ចប់គោលនយោបាយរបស់ខ្លួន ដោយកាត់បន្ថយអត្រាការប្រាក់ នៃប្រាក់កម្ចីរយៈពេលមធ្យមរបស់ខ្លួន (MLF) និងដកប្រាក់មកវិញចំនួន០,១ភាគរយ ជាលើកទីពីរក្នុងឆ្នាំនេះ ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ចបន្ថែមទៀត។

ជាពិសេស ធនាគារប្រជាជនចិនបាន ទម្លាក់អត្រាទឹកប្រាក់ចំនួន៤០០ពាន់លានយ័ន(ប្រហែល៥៩ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដល់ស្ថាប័នហិរញ្ញវត្ថុ មកត្រឹម២,៧៥ភាគរយ ពីអត្រា២,៨៥ភាគរយ ដែលបានសម្រេចកាលពីពេលមុន។

អ្នកវិភាគបានមើលឃើញថា ការផ្លាស់ប្តូរនេះ គឺជាការឆ្លើយតបរហ័សរបស់ធនាគារកណ្តាល ចំពោះការផ្លាស់ប្តូរនៅក្នុងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងបន្តទៅមុខទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zhou Maohua អ្នកវិភាគប្រចាំធនាគារ China Everbright Bank បាននិយាយថា ទិន្នន័យខែកក្កដាបានបង្ហាញថា ខណៈពេលដែលការផ្គត់ផ្គង់ប្រាក់មានគ្រប់គ្រាន់ តម្រូវការហិរញ្ញប្បទានពីសេដ្ឋកិច្ចពិតប្រាកដនៅតែខ្សោយ។

លោក Zhong Zhengsheng ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pingan Securities បាននិយាយថា ការបន្ថយអត្រាការប្រាក់គោលនយោបាយ គឺជាវិធីផ្ទាល់បំផុត ដើម្បីជំរុញការចំណាយហិរញ្ញវត្ថុ។

លោក Zhong បាននិយាយថា ការផ្តល់ហិរញ្ញប្បទានកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុន ដែលរួមចំណែកដល់ការជំរុញជាថ្មីនៃសេដ្ឋកិច្ចចិន ក៏ដូចជាការថយចុះនៃការចំណាយហិរញ្ញប្បទាន នឹងអំណោយផល ដល់ការបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

ថ្នាក់ដឹកនាំចិនបានសង្កត់ធ្ងន់ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយ កាលពីចុងខែកក្កដាថា គោលនយោបាយរូបិយវត្ថុ គួរតែជួយរក្សាការផ្គត់ផ្គង់សាច់ប្រាក់ងាយស្រួល និងគ្រប់គ្រាន់ បង្កើនការគាំទ្រឥណទាន សម្រាប់សហគ្រាស និងប្រើប្រាស់ឱ្យបានល្អនូវប្រាក់កម្ចីថ្មីពីធនាគារគោលនយោបាយ ក៏ដូចជាការផ្តល់មូលនិធិសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here