ត្រឹមរយៈពេល ៧ខែ ពន្ធដាររកចំណូលបានជាង ២,២ពាន់លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ នៅរយៈពេល៧ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករមានចំនួន ៨ ៩៥០,៨៩ពាន់លានរៀល (ប្រមាណ២ ២១០,១០ លានដុល្លារ) ស្មើនឹង ៧៨.៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។
កំនើននេះ បើប្រៀបធៀបនឹងចំណូលពន្ធ -អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនប្រមាណ៤៩១,២៩លានដុល្លារ ស្មើនឹង ២៨,៦២%។

នេះបើយោងតាមរបាយការកិច្ចប្រជុំ បូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល៧ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត នៅថ្ងៃទី១៥ ខែសីហានេះ។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ទោះបីជាមានហានិភ័យ ដែលបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា យ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការប្រមូលពន្ឋតែងតែសម្រេចបានគ្រប់ និងលើសផែន​ការកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកា សម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩”។

លោកបន្តថា ស្ថានភាពនៃការបន្តរក្សាកំណើនចំណូលនេះ គឺសម្រេចបានអាស្រ័យ ដោយការបន្តខិតខំប្រឹងប្រែងកៀរគរចំណូល ពីប្រភពនានា និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានា តាមរយៈការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំ អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filing App, និងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា ដោយមានសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ព្រមទាំងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា (E-Tax Service) ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាតាមប្រព័ន្ធអនឡាញ។

សម្រាប់ឆ្នាំ២០២២នេះ តាមផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង អគ្គនាយកដ្ឋានពន្ធដារ ត្រូវសម្រេចឱ្យបានការប្រមូលពន្ធចំនួន១១ ៤១៩,១៣ពាន់លានរៀល (ប្រមាណ ២ ៨១៩,៥៤លានដុល្លារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here