មន្ត្រីជាន់ខ្ពស់ៈ វិស័យឧស្សាហកម្មកម្ពុជាបានដើរលឿនមុនផែនការកំណត់រហូតដល់៨ឆ្នាំ

ដោយៈ សុផារី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា វិស័យឧស្សាហកម្មកម្ពុជាបានដើរលឿន មុនផែនការកំណត់រហូតដល់៨ឆ្នាំ ដោយតាមរយៈគោលនយោបាយ នៃការអភិវឌ្ឍវិស័យឧស្សាហកម្ម (២០១៥-២០២៥) ដែលបានកំណត់ថា កម្ពុជានៅឆ្នាំ២០២៥ វិស័យឧស្សាហកម្មនឹងចូលរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុបឱ្យបាន៣០%។

ជាក់ស្តែង នៅឆ្នាំ២០១៧ វិស័យឧស្សាហកម្ម បានចូលរួមចំណែកក្នុងផលទុនជាតិសរុប(ផសស) រហូតដល់៣០,៩០% ដែលនេះជាជោគ​ជ័យធំមួយ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” នៅថ្ងៃទី១១ ខែសីហានេះថា បើទោះបីជាកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី តែវិស័យឧស្សាហកម្មបានចូលរួមចំណែក ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងនៅឆ្នាំ២០១៩ មានកំណើនវិស័យឧស្សាហកម្ម នៅក្នុងផ.ស.ស រហូត៣៤,២០% នៅឆ្នាំ២០២០មានចំនួន៣៤,៤០% និងនៅឆ្នាំ២០២១ មានកំណើនរហូតដល់៣៨,៧០%។

ដោយឡែកសម្រាប់ការប៉ាន់ប្រមាណ នៅឆ្នាំ២០២២នេះ វិស័យឧស្សា​ហកម្ម អាចនឹងចូលរួមក្នុងផ.ស.ស រហូត៣៩,៩០%។

លោកហេង សុខគង់ បានឱ្យដឹងថា ផលិតភាពក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា បានបង្ហាញកំណើនដ៏ល្អប្រសើរ ដោយក្នុងរយៈពេល៦ខែឆ្នាំនេះ តម្លៃផលិតកម្មក្នុងវិស័យនេះ បានកើនឡើងដល់ជាង៧ពាន់លានដុល្លារ ដែលក្នុងឆ្នាំ២០២២នេះរំពឹងថា ផលិតភាពក្នុងវិស័យឧស្សាហកម្ម អាចនឹងចូលរួមចំណែករហូត៣៩,៩០% នៃផលិតផលក្នុងស្រុកសរុប (GDP)។

លោកបន្តថា កម្ពុជានឹងបន្តជំរុញកំណើននេះជាបន្តបន្ទាប់ ដោយជំរុញការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន នៅក្នុងវិស័យឧស្សាហកម្ម តាមរយៈការបង្កើតប្រភេទឧស្សាហកម្ម ដែលពឹងផ្អែកការផលិតលើជំនាញ និងបច្ចេកវិទ្យា ដូចជា រោងចក្រដំឡើងរថយន្ត រោងចក្រផលិតចំណីអាហារ រោងចក្រផលិតឈីបកុំព្យួទ័រ រោងចក្រស៊ីម៉ង់ត៍ជាដើម ដែលធ្វើឱ្យកំណើននៃការចូលរួមរបស់វិស័យនេះនៅក្នុង GDP កាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here