កម្ពុជាមានរោងចក្របង្កើតថ្មីចំនួនជិត២ពាន់កន្លែងនិងបិទទ្វារជាង៦០០ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានរោងចក្រចំនួន១.៩៤៧ ត្រូវបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏មានរោងចក្រចំនួន៦៨២ត្រូវបានបិទទ្វារលែងដំណើរការផងដែរ។

នេះបើយោងតាមរបាយការណ៍របស់លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” នៅថ្ងៃទី១១ ខែសីហានេះ។

លោកហេង សុខគង់ មានប្រសាសន៍ថា “ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ មកដល់ខែកក្កដា ឆ្នាំ ២០២២នេះ មានរោងចក្រជាច្រើន ត្រូវបានបង្កើតឡើងនៅកម្ពុជា ដែលមានរហូតដល់១,៩៤៧ រោងចក្រ នៅក្នុង ២៥រាជធានី-ខេត្តទូទាំងប្រទេស”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍បន្តថា ក្នុងនោះមានកំណើន៤២៥រោងចក្រ បើប្រៀបធៀបនឹងឆ្នាំ២០១៧ ដោយកំណើននេះមានប្រមាណ២៧ភាគរយក្នុងរយៈពេល៥ឆ្នាំមកនេះ។

លោកហេង សុខគង់បានបន្តឲ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំនេះ រោងចក្របង្កើតថ្មី មានចំនួន១,១០៧រោងចក្រ ក្នុងរយៈពេល៥ឆ្នាំមកនេះ ដោយឆ្នាំ២០១៧ កម្ពុជាមានរោងចក្រខ្នាតធំ តែ១.៥២២រោងចក្រទេ តែរហូតមកដល់ឆ្នាំ២០២២នេះ គឺកម្ពុជាមានរោងចក្រចំនួន១.៩៤៧រោងច ក្រ។ ទន្ទឹមនឹងកំណើននេះ ក៏មានរោងចក្រ ដែលបានបិទទ្វារ ក្នុងរយៈពេល៥ឆ្នាំមកនេះចំនួន៦៨២រោងចក្រ។

លោកបញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ មានរោងចក្របង្កើតថ្មីមានចំនួន១១២រោងចក្រ និងអាចបង្កើតការងារបានរហូតដល់ ៧៦,៦២៤នាក់។

លោកលើកឡើងថា ទោះប្រឈមនឹងកូវីដ១៩ក្តី ប៉ុន្តែដោយសារតែការបើកដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការបង្កើតភាពស៊ាំសហគមន៍បានច្រើន បានបង្កើតភាពជឿជាក់ដល់អ្នកវិនិយោគិន។

ជាក់ស្តែង នៅចុងខែមិថុនាឆ្នាំ២០២២ សារព័ត៌មាន Nikkei បានចាត់ចំណាត់ថ្នាក់ឱ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខមួយក្នុងការគ្រប់គ្រង និងស្តារសេដ្ឋកិច្ចបានពីវិបត្តិជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here