ទំហំពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានកំណើន១៥,៦%ក្នុងពេល៧ខែដើមឆ្នាំនេះ

ដោយៈ សុខុម

ភ្នំពេញ: ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងមហាយក្សចិនបានឈានដល់ទំហំទឹកប្រាក់៦,៩៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២២ ដោយសម្រេចបានកំណើន១៥,៦% បើធៀបនឹងឆ្នាំមុន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១០ ខែសីហា បង្ហាញថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា បន្ទាប់មកគឺសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលឱ្យដឹងទៀតថា ទំហំពាណិជ្ជកម្មជាមួយប្រទេសចិន គ្របដណ្ដប់២១% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ចំនួន៣២,៨ពាន់លានដុល្លារ អំឡុងពេលពីខែមករា ដល់ខែកក្កដា។

ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅកាន់ប្រទេសចិន មានដូចជាអង្ករ ចេក ស្វាយ ដំឡូងមី និងសម្លៀកបំពាក់ជាដើម។ ចំណែកឯកម្ពុជា នាំចូលទំនិញពីប្រទេសចិន ភាគច្រើនជាវត្ថុធាតុដើមកាត់ដេរ គ្រឿងចក្រ យានយន្ត គ្រឿងឧបភោគបរិភោគ គ្រឿងអេឡិចត្រូនិច និងថ្នាំពេទ្យជាដើម។

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេ​សទាំង២ បាននិងកំពុងកើនឡើង ទោះបីជាមានផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជា ហើយទោះបីជាមានវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់យើង បានបន្តកើនឡើងជាលំដាប់”។

លោកគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលសុទ្ធតែបានចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះកំពុងតែបង្កើនទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here