ប្រទេសវៀតណាមត្រូវការការវិនិយោគថាមពលពី៨ទៅ១៤ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ឆ្នាំ២០៣០

ដោយៈ លាងហួរ

ហាណូយៈ អនុរដ្ឋមន្ត្រីឧស្សាហកម្ម របស់ប្រទេសវៀតណាម បាននិយាយនៅថ្ងៃពុធនេះ ថា ប្រទេសវៀតណាម នឹងត្រូវការការវិនិយោគពី៨ពាន់លានដុល្លារ ទៅ១៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍរោងចក្រថាមពលថ្មី និងពង្រីកបណ្តាញអគ្គិសនីរបស់ខ្លួន។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Dang Hoang An បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមចំនួននេះ ៧៥ភាគរយនឹងត្រូវចំណាយលើរោងចក្រថាមពលថ្មី ដោយផ្តល់អាទិភាព ដល់ប្រភពកកើតឡើងវិញ និង ២៥ភាគរយលើការពង្រីកបណ្តាញអគ្គិសនី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្ត​ថា ប្រទេស​នឹង​ស្វែងរក​ការ​ប្រមូល​ថវិកា​ពី​អ្នក​វិនិយោគ​ឯកជន​សម្រាប់​គម្រោង​ថាមពល​ថ្មី​នេះ ដោយ​មិន​មាន​ការ​បញ្ជាក់​លម្អិត​ឡើយ។

ប្រទេសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ ដែលត្រូវការបង្កើនសមត្ថភាពផលិតថាមពល ដែលបានដំឡើងប្រហែល១០ភាគរយក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងប្រជាជន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ប្រទេសវៀតណាមបានប្តេជ្ញាកាលពីឆ្នាំ២០២១ នឹងប្រែក្លាយប្រទេសទៅជាកាបូនអព្យាក្រឹត នៅត្រឹមឆ្នាំ២០៥០ និងបង្កើនសមត្ថភាពខ្យល់នៅឆ្នេរសមុទ្ររបស់ខ្លួនដល់៧ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៣០ និងដល់៦៥GW នៅឆ្នាំ២០៤៥។

ប្រទេសវៀតណាមក៏មិនបង្កើតបន្ថែមរោងចក្រថាមពលដើរដោយធ្យូងថ្មថ្មី ក្នុងផែនការអភិវឌ្ឍន៍ថាមពលមេរបស់ខ្លួនទេ ហើយវៀតណាមនឹងបន្តគម្រោងធ្យូងថ្ម ដែលកំពុងសាងសង់រហូតដល់ឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here