តើអ្វីជាចក្ខុវិស័យ និងយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល?

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានកំណត់យកកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពគោលនយោបាយមួយ ក្នុងចំណោមបណ្ដាអាទិភាពទាំង ៤ នៃ បរិស្ថានគ្របដណ្ដប់ទី២ “បរិស្ថានម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះនិងចីរភាពបរិស្ថាន” នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ដែលរួមមាន ១) ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងភាពធន់នៃសេដ្ឋកិច្ច ២ ) គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចបុរេសកម្ម ៣ ) គោលនយោបាយរូបិយវត្ថុនិង ៤ ) ការបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យច្បាស់លាស់ គឺប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្ដង់ដារនិងឧត្តមានុវត្តន៍អន្តរជាតិ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានកំណត់យកតាំងពីចុងឆ្នាំ២០០៤រហូតមក នូវយុទ្ធសាស្រ្តកែទម្រង់“បោះជំហានជាដំណាក់កាល” (Platform Approach) គឺ បោះជំហានថ្មីទៅក្នុងដំណាក់កាលថ្មី ដោយថែរក្សាជំហានដែលសម្រេចបានជោគជ័យកន្លងទៅផង ថែមទាំងរៀបចំត្រៀមខ្លួនតម្រង់ឆ្ពោះទៅកាន់ជំហានខាងមុខបន្ទាប់ទៀតផង។ ក្នុងន័យនេះ កិច្ចការ ៣ យ៉ាង ត្រូវបំពេញក្នុងពេលដំណាលគ្នា គឺ៖ ១) ថែរក្សានិងពង្រឹងបន្ថែមនូវសមិទ្ធផលដែលសម្រេចបានក្នុងដំណាក់កាលមុន ២) ស្ថាបនាសមិទ្ធផលដែលត្រូវសម្រេចឱ្យបានក្នុងដំណាក់កាលបច្ចុប្បន្ន និង ៣) រៀបចំត្រៀមខ្លួនកសាងសមិទ្ធផលថ្មីៗ នៅដំណាក់កាលខាងមុខ។

ផ្អែកលើយុទ្ធសាស្ត្រខាងលើ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគ្រោងទុកថានឹងបញ្ចប់នៅឆ្នាំ២០១៥។ ប៉ុន្តែ បទពិសោធន៍រយៈពេលជាង១០ ឆ្នាំកន្លងទៅបានបង្ហាញថាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាត្រូវការរយៈពេលបន្ថែមទៀត គឺ សរុបប្រមាណ ២១ ឆ្នាំ ដោយគ្រោងជាថ្មីថានឹងសម្រេចបញ្ចប់នៅឆ្នាំ២០២៥ ហើយដែលនៅពេលនោះ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជានឹងត្រូវបានផ្លាស់ប្ដូរទាំងស្រុងទៅជាប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្ដោតលើធាតុចេញ ឬ លទ្ធផល និងវិមជ្ឈការ ស្របតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ត្រូវបានរៀបចំឡើងជា ៤ជំហាននិងចែកចេញជា ៤ ដំណាក់កាល និងត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយភាពជាម្ចាស់ ស្មារតីទទួលខុសត្រូវខ្ពស់ មហិច្ឆតា និងប្រាកដនិយម សម្រាប់រយៈពេលវែងដូចតទៅ៖

• ដំណាក់កាលទី ១៖ ការបង្កើនភាពជឿទុកចិត្តនៃថវិកា មានរយៈពេលជាង ៤ឆ្នាំ (២០០៤ – ២០០៨) ដោយសម្រេចបានជោគជ័យនូវមូលដ្ឋានគ្រឹះនៃការពង្រឹងការគ្រប់គ្រងនិងប្រមូលចំណូល ព្រមទាំងការគ្រប់គ្រងសាច់ប្រាក់និងការកែលម្អយន្តការចំណាយ។
• ដំណាក់កាលទី ២៖ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ មានរយៈពេល ៦ឆ្នាំ (២០០៩ – ២០១៥) ដោយសម្រេចបានមូលដ្ឋានជាសារវន្តនៃគណនេយ្យភាពហិរញ្ញវត្ថុ ដែលមានជាអាទិ៍ ការដាក់ឱ្យអនុវត្តប្លង់គណនេយ្យថ្មី, មាតិកាថវិកាថ្មី, ថវិកាកម្មវិធី, ផែនការយុទ្ធសាស្ត្រថវិកា, អង្គភាពថវិកា និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
• ដំំណាក់កាលទី ៣៖ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ត្រូវបានរំពឹងថានឹងមានរយៈពេល ៥ឆ្នាំ (២០១៦-២០២០) ដើម្បីសម្រេចគោលដៅគន្លឹះនៃការកែទម្រង់ប្រព័ន្ធថវិកាទាំងមូល គឺផ្លាស់ប្ដូរពីប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ តាមរយៈការពង្រឹងនិងពង្រីកការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា, ការអនុវត្តថវិកាកម្មវិធី, និងការអនុវត្តអង្គភាពថវិកា ព្រមទាំងការពង្រឹងការរៀបចំគោលនយោបាយ ការព្យាករណ៍ និងការរៀបចំផែនការហិរញ្ញវត្ថុសាធារណៈ។
• ដំណាក់កាលទី ៤៖ ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ត្រូវបានរំពឹងថានឹងមានរយៈពេល ៥ឆ្នាំ (២០២១-២០២៥) ដើម្បីសម្រេចបានជាមូលដ្ឋាន នូវគណនេយ្យភាពសមិទ្ធកម្ម ដែលជាលទ្ធផលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here