អាមេរិកផ្តល់កញ្ចប់ថវិកា២៥លានដុល្លារសម្រាប់អនុវត្តគម្រោងពង្រឹងសុវត្ថិភាពស្បៀងអាហារនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ គម្រោង “កម្ពុជាហាវេស III” (The Feed the Future Cambodia Harvest III”) ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ ត្រូវបានប្រកាសបើកជាផ្លូវការហើយ កាលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោក វេង សាខុន និងលោក W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

លោក W. Partrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង “កម្ពុជាហាវេស III” នេះគឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងដែរថា គម្រោងនេះត្រូវ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។

ទន្ទឹមគ្នានេះដែរ រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលជួយគាំទ្រ ដល់ការអភិវឌ្ឍ វិស័យកសិកម្មតាម រយៈ USAID ក្នុងនោះការអនុវត្តកម្ម វិធី និងគម្រោង ជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន និងបង្កើនការប្រកួតប្រជែងទីផ្សារកសិផលកម្ពុជា។

ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។

តាមរយៈគម្រោង”កម្ពុជាហាវេស III” សម្រាប់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID ក៏បានបង្ហាញក្តីរំពឹងថា នឹងជំរុញឲ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន១០០លានដុល្លារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here