គិតត្រឹមដើមខែសីហាឆ្នាំនេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង៣,៥តោន

ដោយ៖ សហការី

ភ្នំពេញ៖ គិតត្រឹមដើមខែសីហា ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាចម្រាញ់រ៉ែមាសបានចំនួន៣.៥៤៣គីឡូក្រាម និងរកចំណូលពីសួយសារបានជាង៥លានដុល្លារ។

នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល” នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ៊ឹង ឌីប៊ូឡា បានបញ្ជាក់ថា “ទាក់ទងទៅនឹងរ៉ែមាស មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី គឺបានផលិតមាសបានគិតជាដុំចំនួន២៣២ដុំ ហើយគិតជាគីឡូក្រាម គឺបានចំនួន៣.៥៤៣គីឡូក្រាម គិតត្រឹមដើមខែសីហា ឆ្នាំ២០២២។ ចំពោះចំណូលសួយសារក្រុមហ៊ុនបានបង់ចូលរដ្ឋ ចំនួនជាង៥លាន១សែនដុល្លារ”។

ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។

ក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅប្រទេសកម្ពុជា ដែលបានចាប់ផ្ដើមសម្ពោធដាក់ដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here