ក្រសួងបរិស្ថានពង្រឹងភាពជាម្ចាស់លើការគ្រប់គ្រងសំរាមដល់ ថ្នាក់ក្រោមជាតិ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងបរិស្ថាន ពង្រឹងភាពជាម្ចាស់នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន របស់រដ្ឋបាលក្រុង ស្រុកប្រកបដោយនិរន្តរភាព។

តាមរយៈយន្តការនេះ ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២១-២០២២ បានផ្តល់រថយន្តដឹកសំរាម សំណល់រឹង ចំនួន៥៨គ្រឿង ឡដុតសំរាម៦០គ្រឿង ម៉ូតូកង់បី១១៨គ្រឿង និងសម្ភារគាំទ្រជាច្រើន ជូនដល់រដ្ឋបាលក្រុង ស្រុក អង្គភាព និងប្រតិបត្តិករ មួយចំនួន។

មធ្យោបាយ និងសម្ភារៈទាំងអស់នោះ បាននិងកំពុងត្រូវប្រើប្រាស់ ចូលរួមសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងនៅទូទាំងប្រទេស ក្នុងគោលបំណងរួមគ្នាគាំទ្រការរស់នៅស្អាត ភូមិឋានស្អាត ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្ត និងទស្សនវិស័យ របស់រាជរដ្ឋាភិបាល ក្រោមពាក្យស្លោក “មានអនាម័យ មានសោភ័​ណភាពល្អ និងមានបរិស្ថានល្អ” និង “កម្ពុជាស្អាត ផ្តើមចេញពីយើងម្នាក់ៗ ” ឈរលើគោលការណ៍ “ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះក្រសួងនឹង “រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធាន ហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និង ទិដ្ឋភាពសង្គម ” ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅបាននូវ សោភ័ណភាព កិច្ចគាំពារបរិស្ថាន សុខភាពសាធារណៈ និងបរិស្ថាន ក៏ដូចជារួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់ កាន់តែមាន បរិស្ថានស្អាត ការរស់នៅ ប្រកបដោយ ផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានផ្តល់ការបណ្តុះបណ្តាល ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើបច្ចេកទេស ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងគម្រោងរៀបចំទីលានចាក់សំរាម តាមខ្នាតបច្ចេកទេសផងដែរ។

រដ្ឋបាលក្រុង ស្រុកមួយចំនួន បាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានល្អប្រសើរនិងមួយចំនួនទៀត កំពុងឈានឆ្ពោះ ទៅរកការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោ​យប្រសិទ្ធភាព ក្នុងពេលអនាគតខាងមុខ ដើម្បីឈានទៅធ្វើភាពជាម្ចាស់នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ប្រកបដោយនិរន្តរភាព។

ចំណុចសំខាន់មួយទៀតនោះ យន្តការនេះ បានក្លាយជាយុទ្ធសាស្រ្តសំខាន់គាំទ្រ ដល់ចលនាប្រឡងប្រណាំង គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលបានប្រកាសឲ្យអនុវត្តន៍នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ឱ្យមានប្រសិទ្ធភាព។ លក្ខណសម្បត្តិទី ៦ ក្នុងចំណោមលក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បានលើកឡើងថា មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ដោយឈរលើគោលការណ៍ “ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here