ការនាំចេញផលិតផលធ្វើដំណើរនិងស្បែកពីកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជិត៨០៣លានដុល្លារ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ទំហំនាំចេញរបស់កម្ពុជានៅតែមានភាពប្រសើរឡើងនៅទីផ្សារអាមេរិក និងអឺរ៉ុប ដោយបច្ចុប្បន្នការនាំចេញផលិតផលធ្វើដំណើរ និងស្បែកពីកម្ពុជា សម្រេចបានទឹកប្រាក់៨០២,៦៥លានដុល្លារអាមេរិក។

ការនាំចេញ​ផលិតផល​ធ្វើដំណើរ និង​ស្បែក​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ បានកើនឡើងរហូតដល់៥៩,៤៨​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​សមាគម​ផលិត​ផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា​ ដែលទើបបានបង្កើតឡើងនិងប្រកាសជាផ្លូវការកាលពីសប្តាហ៍មុន។

​ប្រធាន​កិ​ត្ដិ​យស​អចិន្រ្តៃ​យ៍ ​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែ​ក​នៅ​កម្ពុជា លោកឧកញ៉ាលី ឃុន​ថៃ បានមានប្រសាសន៍ឲ្យដឹងថា គោល​បំណង​ចម្បង​របស់​សមាគម គឺ​ការចង​​ក្រង​ក្រុមហ៊ុន​ផលិត​ផលិតផល​ធ្វើ​ដំ​ណើ​រ និង​ស្បែក​ឱ្យមាន​សំឡេង​តែមួយ ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ឬ​រៀបចំ​យុទ្ធ​សាស្ត្រ​ទាក់ទាញ​អ្នកវិនិយោគ ឬ​អ្នក​​បញ្ជា​ទិញ​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ចូលរួម​ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ដំណើរ​ការផលិត និង​គុណភាព​ផលិត​​ផល​ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំ​​នា​ញ​ដល់​ក្រុមកម្មករជាដើម​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ ​ដែល​បណ្តា​លពី​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ទីផ្សារ​នាំចេញ​ផលិតផល​ធ្វើដំណើរ និង​ស្បែក​កម្ពុជា បាន​ស្ទុះ​ឡើងវិញ​ហើយ​”។​

លោក​បញ្ជាក់ថា​ តាមរយៈ​កំណើន​នៃ​តម្រូវការ​ទីផ្សារ ​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កលើ​ពិភពលោក និង​ការបង្កើត​សមាគម​នេះ លោក​រំពឹងថា ចំនួន​នៃ​ការ​​បញ្ជា​ទិញ​ពី​ក្រៅប្រទេស និង​ការចូល​​មក​បណ្តាក់ទុន​នៅ​កម្ពុជា​នឹងមាន​ចំនួន​កាន់តែច្រើន ខណៈ​ក្រៅពី​មាន​កម្លាំង​ពលកម្ម​សម្បូរបែប កម្ពុជា​ ក៏​ជា​ប្រទេស​មានច្បាប់​វិនិយោគ​ អំណោយផល​សម្រាប់​ការបណ្តាក់ទុន​ផងដែរ៕

​បើតាម​លោក ឃុន ថៃ បច្ចុប្បន្ន​រោង​​ចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា មាន​ប្រមាណ ១២០ ដោយមាន​ម្ចាស់​ជា​វិនិយោគិន​មកពី​ប្រទេស​ចិន ហុងកុង ចិន​តៃប៉ិ ជាដើម​។ ទីផ្សារ​ធំ​របស់​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា មានដូចជា អាមេរិក សហគមន៍​អឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េ និង​ប្រទេស​ក្នុង​តំបន់​មួយចំនួន​។

 

LEAVE A REPLY

Please enter your comment!
Please enter your name here