ដោយៈ វិវឌ្ឍន៍
ភ្នំពេញៈ ចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនឡើ់ងជាបន្តបន្ទាប់ ក្នុងនោះចំនួនអ្នកទទួលបានឥណទាន និងការដាក់ប្រើបញ្ញើរពីអតិថិជនក៏មានការកើនឡើងផងដែរ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គិតត្រឹមខែមិថុនា ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន៥៧ធនាគារឯកទេសចំនួន៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨០ ឥណទានជនបទចំនួន២៣១ និងក្រុមហ៊ុនភតិសន្យាចំនួន១៧ ។
ជាមួយគ្នានេះក្រុមហ៊ុនក្រេឌីតប៊ូរ៉ូ ឃេមបូឌា ខូ អ៊ិលធីឌីបានដាក់ឲ្យដំណើរការផែនទីហានិភ័យឥណទាន ដើម្បីគ្រប់គ្រងហានិភ័យក្នុងវិស័យនេះ។
លោកអឿ សុធារ័ត្នអគ្គនាយកក្រុមហ៊ុនក្រេឌីត ប៊ូរ៉ូ ខេមបូឌា ខូអ៊ិលធីឌីបានឲ្យដឹងថា មិនត្រឹមតែជាឧបករណ៍ចង្អុលបង្ហាញពី បច្ចុប្បន្នភាពនិន្នាការនៅក្នុងទីផ្សារប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវការលើទិន្នន័យខ្នាតធំរបស់ស្ថាប័នហិរញ្ញវត្ថុផងដែរ។ ដោយគិតពីតម្រូវការ របស់សមាជិកទាំងអស់ CBC បានបន្ថែមមុខងារកំណត់សម្គាល់យ៉ាងស៊ីជម្រៅ ដោយបង្ហាញពីការអនុវត្ត ដល់កម្រិត ឃុំ/សង្កាត់ ប្រៀបធៀបគុណភាពឥណទានរបស់ស្ថាប័នមួយទៅស្ថាប័នមួយ និងការរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការកម្ចីឡើងវិញ ដោយធៀបទៅនឹងមធ្យមភាគកម្ចីនៅក្នុងវិស័យ បន្ទាប់មកទាញយក ទិន្នន័យលម្អិតពីផែនទីសម្រាប់ការវិភាគកាន់តែស៊ីជម្រៅ។
ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា ជាមួយព័ត៌មាននៃប្រតិបត្តិការឥណទាន ប្រវត្តិនិងប្រតិបត្តិការរបស់អ្នកខ្ចីនៅថ្នាក់ឃុំ ស្រុក និងខេត្ត ស្ថាប័ន ហិរញ្ញវត្ថុអាចរៀបចំយុទ្ធសាស្ត្រឡើងវិញនូវហានិភ័យនៃផលបត្រឥណទាន យុទ្ធសាស្ត្រទីផ្សារ និងការធ្វើផែនការផលិតផលថ្មីៗ ដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងភូមិសាស្ត្រគោលដៅផ្សេងៗ។
ដោយការផ្តល់ជូននូវរបាយការណ៍ វិភាគទិន្នន័យលម្អិតផែនទីហានិភ័យឥណទាន រួមជាមួយនឹងសេវាវិភាគ ទិន្នន័យ (DAR) នឹងបង្កើនភាពច្បាស់លាស់ ក្នុងការបញ្ជៀសហានិភ័យឥណទាន និងការស៊ើបសួរពីគណនីដើម ហើយធ្វើឱ្យប្រាកដថា កម្ចីនីមួយៗកាន់តែមានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការផ្តល់ជូននូវព័ត៌មានទិន្នន័យឥណទាន។ នេះបើយោងតាមក្រុមហ៊ុន CBC។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុន CBC បានកែតម្រូវរបាយការណ៍វិភាគទិន្នន័យ (DAR) របស់ខ្លួននៃឧបករណ៍វិភាគព័ត៌មាន ឆ្លាតវៃអាជីវកម្ម ដែលអាចឱ្យនាយកប្រតិបត្តិជាន់ខ្ពស់ មកពីស្ថាប័នហិរញ្ញវត្ថុជាសមាជិក អាចអនុវត្តការត្រួតពិនិត្យជាយុទ្ធសាស្ត្រ នៃប្រតិបត្តិការរបស់ពួកគេ៕