ក្រុមហ៊ុនជប៉ុន Toyota ប្រកាសឈប់ផលិតរថយន្តម៉ូឌែល Toyota Vios ត្រឹមនេះ

ដោយសុខុម

បាងកក: ក្រុមហ៊ុនជប៉ុន Toyota ប្រចាំប្រទេសថៃ ដែលគេស្គាល់ថា Toyota Motor Thailand (TMT) បានប្រកាសឈប់ផលិតរថយន្តម៉ូដែល Toyota Vios 1.5L របស់ខ្លួនដើម្បីបើកផ្លូវសម្រាប់ការបញ្ចេញស៊េរីថ្មី ថ្មីទាំងស្រុង All-New Yaris Ativ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ទី៩ ខែសីហា ពោលគឺសប្តាហ៍ក្រោយ។

ក្រុមហ៊ុននេះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា រថយន្ត Vios លក់បានសរុបត្រឹមតែ១.៨២៩គ្រឿងប៉ុណ្ណោះក្នុងពេល៦ខែដើមឆ្នាំ២០២២ បើធៀបនឹងម៉ូឌែល Yaris Ativ ប្រភេទ Sedan ដែលលក់បានដល់ទៅ១០.៦៤៨គ្រឿង និងម៉ូឌែល Yaris ប្រភេទ SUV ដែលលក់បានដល់ទៅ១៤.៧១៥គ្រឿង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការរំពឹងទុក រថយន្ត Yaris Ativ ដែលជាប្រភេទ Hybrid នឹងចេញលក់នៅឆ្នាំ២០២៣។

ក្រុមហ៊ុន Toyota ក្នុងប្រទេសថៃ លក់រថយន្តបានសរុបចំនួន១៤២.០៣២គ្រឿងក្នុងពេល៦ខែដើមឆ្នាំនេះ ដោយកើនឡើង២១,២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះក្រុមហ៊ុននេះលក់រថយន្តដឹកអ្នកដំណើរបាន៣៨.៨៩៤គ្រឿងក្នុងពេល៦ខែដើមឆ្នាំនេះ ដោយកើនឡើង៣០,៩%។

លោក Noriaki Yamashita ដែលជាប្រធានក្រុមហ៊ុនផលិតរថយន្តខាងលើនេះនិយាយថា ក្រុមហ៊ុន Toyota Motor Thailand (TMT) មានបំណងលក់រថយន្តឱ្យបានចំនួន២៩០.០០០គ្រឿងនៅឆ្នាំនេះ ដែលស្មើនឹង៣៣%នៃចំណែកទីផ្សារក្នុងប្រទេសថៃ និងកើនឡើង២១%បើធៀបនឹងឆ្នាំមុន។

ប្រធានក្រុមហ៊ុនរូបនេះបានលើកឡើងថា តាមការរំពឹងទុក ក្រុមហ៊ុន Toyota នឹងផលិតរថយន្តសរុបឱ្យបានចំនួន៦៥៩.៤០០គ្រឿង ដោយកើនឡើង២៨,៣%បើធៀបនឹងឆ្នាំ២០២១។

លោកបានព្យាករថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅក្នុងប្រទេសថៃ នឹងផលិតរថយន្តបានសរុបចំនួន៨៨០.០០០គ្រឿងនៅឆ្នាំនេះ ដោយកើនឡើង១៦%បើធៀបនឹងឆ្នាំមុន៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here