ដោយ៖ សហការី
ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ NagaWorld ជាក្រុមហ៊ុនល្បែងស្របច្បាប់ និងធំជាគេតែមួយគត់នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ចំណេញប្រមាណ៥២លានដុល្លារអាមេរិក ក្នុងឆមាសទី១ឆ្នាំនេះ។
ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៨ ខែកក្កដា បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធនេះ គឺបានកើនឡើងវិញ បើធៀបនឹងការខាតបង់របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ប្រមាណ៧៧លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា នៅពេលដែលកាស៊ីណូបានបិទទ្វារបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
ក្រុមហ៊ុនបញ្ជាក់ថា បន្ទាប់ពីការបើកឡើងវិញនៃការរឹតបន្តឹងការធ្វើដំណើររបស់អាស៊ាន និងពិភពលោក ទស្សនវិស័យសម្រាប់ទេសចរណ៍អន្តរជាតិនៅតែបន្តប្រសើរឡើង ហើយក្រុមហ៊ុន NagaCorp នៅតែមានសុទិដ្ឋិនិយម ចំពោះអនាគតដ៏ខ្លីខាងមុខ។
NagaWorld នឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ជាពិសេសពីអាស៊ាន ហើយជឿជាក់ថា ទស្សនវិស័យអាជីវកម្មរយៈពេលវែង និងទស្សនវិស័យរបស់ក្រុមហ៊ុន នឹងនៅតែមានស្ថិរភាព៕