ដោយៈ វិវឌ្ឍន៍
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកបណ្ឌិតអ៉ិត សំហេងបានថ្លែងថា បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់។
លោកបណ្ឌិតបានបន្តលើកឡើងថា គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនការវិនិយោគលើវិស័យ ធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។
ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវវ័យអាចទៅបន្តការសិក្សាបាន។
បច្ចុប្បន្ន កម្ពុជាមានធនធានមនុស្ស មានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់ ដែលបាន និងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២២-២០២៣ ចំនួន២៤រូប នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២កន្លងមក។
លោកបណ្ឌិត អ៉ិត សំហេង បានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេង ដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះ ចាត់ទុកជាសក្តានុពលដ៏ធំ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស។
លោកបន្តថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា មានមោទកភាព ដែលបានបង្កើតឱកាសនេះ ជូនដល់និស្សិតរបស់យើង ជាយុវជន ហើយជឿជាក់ថា ការសិក្សារបស់និស្សិតអាហារូបករណ៍ទាំងនេះ នឹងទទួលបានជោគជ័យ ក្លាយជាមនុស្សថ្មី មានសមត្ថភាពខ្ពស់ជាងពេលនេះ។
លោកបន្តថា “នេះជាការតបស្នង ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍”៕