ដោយ៖ លាងហួរ
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលផលិតផលប្រេងមានតម្លៃ១,៩១ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយ ពោលគឺកើនឡើង២៥ភាគរយ ពី១,៥២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា តម្លៃប្រេងឥន្ធនៈអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាលពីខែកុម្ភៈ។
លោកមាស សុខសេន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញថា “យើងមិនមែនជាអ្នកផលិតប្រេងទេ ប៉ុន្តែជាអ្នកនាំចូល ដូច្នេះតម្លៃប្រេងនៅកម្ពុជាប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ”។
បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកតែលើការនាំចូលប្រេងប៉ុណ្ណោះ ដោយសារទុនបម្រុងប្រេង និងឧស្ម័ននៅបាតសមុទ្រមិនទាន់ត្រូវបានទាញយកនៅឡើយ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា តម្រូវការផលិតផលប្រេងនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់៤,៨លានតោនក្នុងឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០៕