ដោយ៖ សុផារី
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានផ្ទេរកញ្ចប់ថវិកាជូនរដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់ រួមមានរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ មានការកើនឡើងដល់៨២៨លានដុល្លារអាមេរិក។
នេះជាការលើកឡើងរបស់លោក ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២២។
លោក ប៊ូ វង្សសុខា បានបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កញ្ចប់ថវិការួមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់ រួមមានរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ មានប្រមាណ៣៩២លានដុល្លារ រហូតដល់ឆ្នាំ២០២២ គឺឡើងដល់៨២៨លានដុល្លារ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ទេរកញ្ចប់ថវិកាជូនរដ្ឋបាលថ្នាក់ក្រោមជាតិ កើនឡើងចំនួន១២០ភាគរយ។
លោកបន្តថា ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល និងមន្ទីរអប់រំ បានផ្ទេរទៅជាការទទួលខុសត្រូវរបស់រដ្ឋបាលរាជធានីខេត្ត ដែលមានកញ្ចប់ថវិកានេះប្រហែល២០០លានដុល្លារទៀត ដូច្នេះសរុបកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២២ មានប្រមាណជាង១លានដុល្លារអាមេរិក ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ប៊ូ វង្សសុខា បានប្រៀបធៀបរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចទៅនឹងកូនប្រទេសមួយ ដែលធ្វើការងារច្រើន លើកលែងតែពីរ គឺកិច្ចការការពារជាតិ និងកិច្ចការបរទេស។ ក្នុងនោះ រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើកិច្ចការងារធំៗចំនួន ៥គឺ ទី១ កិច្ចការងារពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ទី២. វិស័យសង្គមកិច្ច, ទី៣ វិស័យបរិស្ថាន ទី៤ សន្តិសុខសង្គម និងចុងក្រោយសេវារដ្ឋបាលទូទៅ៕