ការនាំចេញវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើនឡើង៤០ភាគរយ

ដោយៈ សុខុម

ភ្នំពេញ: យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែក​ជើង និងផលិតផលធ្វើដំណើរផ្សេងៗទៀតរបស់កម្ពុជា សម្រេចបានកំណើន៤០%ក្នុងឆមាសទី១ ដើមឆ្នាំ២០២២។

របាយការណ៍ដដែលបង្ហាញថា កម្ពុជាបាននាំចេញទំនិញទាំងនេះដែលមានតម្លៃសរុប រហូតដល់ទៅ៦,៦ពាន់លានដុល្លារអាមេរិក អំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ ដោយសម្រេចបានកំណើន៤០% បើធៀបនឹង៤,៧២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងនេះ បានចាត់ទុកកំណើននេះថា មកពីការបន្តឡើងវិញយ៉ាងពេញលេញ នូវសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ការអនុគ្រោះពាណិជ្ជកម្ម និងកំណើនតម្រូវការរបស់ពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua កាលពីថ្ងៃច័ន្ទ ទី១ ខែសីហា ថា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចូលជាធរមានក្នុងខែមករា (ឆ្នាំ២០២២) ក៏បានរួមចំណែកដល់កំណើននេះផងដែរ”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) មានការចូលរួមពីប្រទេសចំនួន១៥នៅអាស៊ី-ប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកទាំង១០របស់អាស៊ាន ផងដែរ។ ប្រទេសទាំង១៥នោះមានដូចជា កម្ពុជា ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here