កម្ពុជានិងវៀតណាមរំពឹងសម្រេចបានទំហំពាណិជ្ជកម្មចំនួន ១២ពាន់លានដុល្លារក្នុងឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេចបានទំហំ៩ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២នេះ ប្រទេសទាំងពីររំពឹងថា នឹងសម្រេចឱ្យបានទំហំពាណិជ្ជកម្ម រហូតដល់ទៅ១២ពាន់លានដុល្លារអាមេរិក។

ក្នុងជំនួនសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្ដដា ឆ្នាំ២០២២ លោក ដុ វ៉ាន់ចៀន លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាមបានវាយតម្លៃខ្ពស់ ពីការរីកចម្រើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិជាបងប្អូននៃប្រទេសទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់ ទោះបីនៅក្នុងកាលៈទេសៈ លំបាកនៃជំងឺកូវីដ-១៩ជាសកលក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកដុ វ៉ាន់ចៀន បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ២០២១ និងសង្ឃឹមថានៅឆ្នាំ២០២២នេះ នឹងសម្រេចបាន១២ពាន់លានដុល្លារ។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជនជាច្រើនជំនាន់រួមគ្នាពូនជ្រុំ និងកសាងជាបន្តបន្ទាប់ ដើម្បីតម្កល់ទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង។

នៅក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះ ប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្ស រដ្ឋ និងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរលើគ្រប់វិស័យ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិ ទាំងសងខាង ជាអាទិ៍ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគី គួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះប្រទេសទាំងពីរបានសហការគ្នាយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here