ដោយ: លាងហួរ
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម បានមានប្រសាសន៍ថា តម្រូវការប្រេងនៅកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់៤,៨លានតោនក្នុងឆ្នាំ២០៣០ ពោលគឺកើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទប្រេង ឧស្ម័ន និងថាមពលកម្ពុជាឆ្នាំ២០២២ លោកស៊ុយ សែម បានគូសបញ្ជាក់ថា តម្រូវការប្រេងនៅកម្ពុជានឹងកើនឡើងដល់៨,៣លានតោននៅឆ្នាំ២០៤០។
លោកបានបន្តថា កម្ពុជាត្រូវការការវិនិយោគ បន្ថែម ទៀត ក្នុង វិស័យ នេះ ដើម្បី ឆ្លើយ តប នឹង តម្រូវ ការ ប្រេងដែល កំពុង កើន ឡើង នេះ។ បច្ចុប្បន្ន កម្ពុជា បាន នាំ ចូល ផលិតផល ប្រេង ទាំងអស់ ពី ប្រទេស វៀតណាម សឹង្ហបុរី និង ថៃ ខណៈ ប្រេង និង ឧស្ម័ន នៅ បាតសមុទ្រ កម្ពុជាមិន ទាន់ ត្រូវ បាន គេ ទាញ យក នៅ ឡើយ ទេ។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជាបានចំណាយប្រាក់ចំនួន៩៧១លានដុល្លារអាមេរិក លើការនាំចូលប្រេងឥន្ធនៈ និងម៉ាស៊ូត ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២២នេះ កើនឡើង៥៧ភាគរយពី៦១៧លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
តម្លៃ ប្រេង នៅ កម្ពុជា បាន ឡើង ថ្លៃ ខ្លាំងចាប់ តាំង ពី ផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាល ពី ខែ កុម្ភៈ។ តារាង តម្លៃ ប្រេង របស់ ក្រសួង ពាណិជ្ជកម្ម បាន បង្ហាញ ថា សាំង ធម្មតា តម្លៃ៤៨០០រៀល(១,១៧ ដុល្លារ)ក្នុង មួយ លីត្រ ខណៈ ប្រេង ម៉ាស៊ូត តម្លៃ៥៣០០ រៀល(១,៣ ដុល្លារ)ក្នុងមួយលីត្រ។
តួ លេខ ខាងលើនេះបាន បង្ហាញ ថា តម្លៃ ប្រេងសាំង ធម្មតា និង ម៉ាស៊ូត បាន កើនឡើង៦,៦ភាគរយ និង២៥ភាគរយ រៀងគ្នា បើ ធៀប នឹង តម្លៃ ដែល ចុះ កាលបរិច្ឆេទ នៅ ដើមខែ កុម្ភៈ៕