ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកបង្កឱ្យមានបរិយាកាសធុរកិច្ចល្អប្រសើរ។
កាលពីថ្ងៃទី ២២ ខែកក្កដា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា (អគរ) បានរៀបចំអភិវឌ្ឍរួចរាល់ នូវកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន ដែលមានមុខងារសំខាន់ជាជំនួយដល់ធុរជន ជាពិសេសប្រតិវេទករ ក្នុងការតាមដានស្ថានភាពប្រតិវេទន៍ ការបង់ពន្ធ តាមមធ្យោបាយអេឡិចត្រូនិក និងការស្វែងរកលិខិតអនុញ្ញាតគយជាដើម។
កម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន មានឈ្មោះថា “Cambodia Customs Trader” ដែលធុរជនអាចស្វែងរក និងទាញយកកម្មវិធីនេះ នៅលើ Play Store និង App Store និងអាចស្វែងរក នីតិវិធីលម្អិតនៃការអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ សម្រាប់ធុរជននេះនៅក្នុង “សៀវភៅមគ្គទេសក៍ប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន” ដែលអាចទាញយកបានពីគេហទំព័រផ្លូវការ របស់ អគរ។
លោក គាម ចាន់កុសល អ្នកនាំពាក្យគយបានមានប្រសាសន៍ឲ្យដឹង ថា កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ សម្រាប់ធុរជននោះមានឈ្មោះថា “Cambodia Customs Trader” មិនមែនដាក់ឱ្យប្រើប្រាស់ សម្រាប់សាធារណជនទូទៅនោះទេ គឺសម្រាប់តែអ្នកនាំចេញនាំចូលទំនិញតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា “កម្មវិធីនេះ ពុំមែនសម្រាប់សាធារណជនទេ គឺជាកម្មវិធីសម្រាប់ធុរជន ដែលមានការពាក់ព័ន្ធ ក្នុងការនាំចេញនាំចូលតែប៉ុណ្ណោះ ដោយពួកគាត់ត្រូវមានគណនី ប្រព័ន្ធទិន្នន័យគយអាស៊ីគូដា ដែលជាប្រព័ន្ធគ្របដណ្តប់ប្រតិវេទន៍គយទាំងស្រុង និងទំហំពាណិជ្ជកម្មសរុបទូទាំងប្រទេស”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា កម្មវិធីផ្តល់ភាពចំណេញច្រើន ដល់អ្នកធ្វើធុរកិច្ចនៅកម្ពុជា ដោយគ្រាន់តែមានស្មាតហ្វូននៅក្នុងដៃ អាចតាមដានទំនិញចេញចូលរបស់ខ្លួនបាននៅគ្រប់ទីកន្លែង ទោះជានៅក្នុងស្រុក ឬនៅក្រៅប្រទេសក៏ដោយ។
លោកបានបន្ថែមថា អ្វីដែលជាលក្ខណពិសេសមួយទៀតរបស់ App នេះ គឺធុរជន ដែលបំណងចង់នាំចូលទំនិញមកកាន់កម្ពុជា អាចពិនិត្យមើលតាម Cambodia Customs Traderនេះបាន ដើម្បីអាចដឹងថា មានទំនិញណាខ្លះ ដែលកម្ពុជាហាមឃាត់ក្នុងការនាំចូល និងអាចដឹងពីតម្លៃពន្ធនាំចូលសម្រាប់ទំនិញទាំងនោះបានដោយងាយស្រួល”។
លោកបានបន្ថែមថា “Appនេះ ជាជំនួយសំខាន់ណាស់ សម្រាប់វិស័យឯកជន ព្រោះកន្លងមកនៅពេលមានបញ្ហាអ្វី ទាក់ទងទៅនឹងការនាំចេញនាំចូលទំនិញ ទាល់តែយើងទៅឆែកដល់គយតែម្តង ដែលនាំឱ្យខាតពេលវេលា”។ លោកបន្តថា “នៅក្នុងបរិបទកូវីដ១៩បែបនេះ ការដាក់ឱ្យ Cambodia Customs Trader រឹតតែសំខាន់់”។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងដែរថា App Cambodia Customs Trader នឹងជួយដល់ប្រតិបត្តិករ ក្នុងការបំពេញបែបបទគយ ដោយអាចស្វែងរកនូវឯកសារមួយចំនួន ដូចជាលិខិតអនុញ្ញាតគយជាដើម បានយ៉ាងស្រួល។
លោកបញ្ជាក់ថា “កម្មវិធីនេះ នឹងសម្រួលដល់ការស្វែងរកឯកសារចាំបាច់នានារបស់ធុរជន និងប្រតិបត្តិករខាងជើងសារគយ ដែលខាងគយបានរៀបចំឡើងមក”។ លោកបន្តថា “យើងមើលឃើញ ខាងគយបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបម្រើសេវាសាធារណៈ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថល និងអេឡិចត្រូនិកជាច្រើន ដោយបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ធុរជនយើង”៕