ធនាគារវិនិយោគអឺរ៉ុបគ្រោងនឹងផ្តល់ជំនួយជាកញ្ចប់ថវិកាចំនួន១,៦២ពាន់លានដុល្លារដល់អ៊ុយក្រែន

ដោយ: លាងហួរ

ទីក្រុងគៀវ: នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសអ៊ុយក្រែននឹងទទួលបានកញ្ចប់ជំនួយចំនួន១,៦ពាន់លានអឺរ៉ូ (ប្រហែល១,៦២ពាន់លានដុល្លារអាមេរិក) ពីធនាគារវិនិយោគអឺរ៉ុប(EIB)។

លោក Denys Shmyhal បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ធនាគារវិនិយោគអ៊ឺរ៉ុប បានឯកភាពផ្តល់ជំនួយចំនួន១,៦ពាន់លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន ដោយប្រាក់១ពាន់លានអឺរ៉ូ នឹងត្រូវបែងចែកភ្លាមៗសម្រាប់ដោះស្រាយបញ្ហានានាក្នុងប្រទេស។ នេះបើយោងតាមសេវាសារព័ត៌មានរបស់រដ្ឋាភិបាល។

លោក Shmyhal បានបន្តថា អ៊ុយក្រែននឹងរៀបចំបែងចែកមូលនិធិជំនួយនេះ សម្រាប់ដោះស្រាយបញ្ហាក្នុងរដូវក្តៅ រួមទាំងស្ដារឡើងវិញនូវគ្រឿងបរិក្ខារផ្គត់ផ្គង់អគ្គិសនី ទឹក និងកំដៅ ដែលខូចខាតដោយសារសង្គ្រាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraineបានរាយការណ៍ថា ប្រទេសអ៊ុយក្រែន ក៏នឹងចំណាយថវិកាមួយផ្នែក នៃមូលនិធិពីធនាគារវិនិយោគអឺរ៉ុប(EIB) ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពល ផ្លូវថ្នល់ ការដឹកជញ្ជូន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko បានថ្លែងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ កាលពីខែមុនថា ទីក្រុងគៀវគ្រោងនឹងរៃអង្គាសប្រាក់ចំនួន២០ពាន់លានដុល្លារ ជាជំនួយអន្តរជាតិពីដៃគូប្រទេសលោកខាងលិចរបស់ខ្លួននៅចុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here