កំណើនសេដ្ឋកិច្ចចិន ផ្តល់ពន្លឺក្តីសង្ឃឹមដល់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកសម្រាប់ឆ្នាំ២០២១

ដោយ៖ ម៉ានេត
ភ្នំពេញ៖ ជំងឺកូវីដ-១៩ បានបញ្ចេញកម្លាំងអង្រួនកន្ត្រាក់បីជាបន្តបន្ទាប់គ្នាទៅលើតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក៖ ទីមួយ ការរាលដាលនៃជំងឺខ្លួនឯងនេះតែម្តង, ទីពីរផលប៉ះពាល់លើសេដ្ឋកិច្ចពីសំណាក់វិធានការបិទខ្ទប់ការរាលដាលជំងឺ, និងទីបីឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ដោយសារវិបត្តិឱនភាពសេដ្ឋកិច្ចនៅទូទាំងពិភពលោក។

តំបន់ត្រូវការសកម្មភាពជាបន្ទាន់ៗដើម្បីធានាថា ការរាលដាលជំងឺនេះមិនបង្កឧបសគ្គដល់កំណើនសេដ្ឋកិច្ចនិងបង្កើនភាពក្រីក្រថែមទៀត នៅឆ្នាំខាងមុខៗ។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចក្រោមចំណងជើងថា «ពីការបិទខ្ទប់ការរាលដាលឆ្ពោះទៅស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញ»សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ខែតុលា ឆ្នាំ២០២០ របស់ធនាគារពិភពលោក។

សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសកំពុងកម្រើកឡើងវិញនៅក្នុងប្រទេសមួយចំនួន ដែលមកទល់ពេលនេះអាចខ្ទប់វីរុសមិនឱ្យរាលដាលបាន។ ប៉ុន្តែ សេដ្ឋកិច្ចរបស់តំបន់នេះមានការពឹងផ្អែកខ្លាំងទៅលើផ្នែកដទៃទៀតនៃពិភពលោក ដែលតម្រូវការនៅមិនទាន់ងើបមុខរួចនៅឡើយ។ នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចទូទាំងតំបន់ត្រូវបានរំពឹងទុកថានឹងលូតលាស់បានត្រឹមតែ ០,៩ភាគរយទេដែលជាអត្រាមួយដ៏ទាបបំផុតគិតតាំងពីឆ្នាំ១៩៦៧ មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈដែលប្រទេសចិនត្រូវបានព្យាករទុកថានឹងមានសេដ្ឋកិច្ចលូតលាស់បាន ២ភាគរយក្នុងឆ្នាំនេះក្តី – នេះក៏ព្រោះតែមានការបង្កើនការចំណាយរបស់រដ្ឋាភិបាល ការនាំចេញច្រើន និងប្រទេសនេះអាចទប់ការឆ្លងឱ្យនៅកម្រិតទាបតាំងពីខែមីនា ប៉ុន្តែតម្រូវការក្នុងស្រុកបានធ្លាក់ចុះ –ប៉ុន្តែផ្នែកដទៃទៀតនៃតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកត្រូវបានព្យាករថានឹងមានសេដ្ឋកិច្ចលូតលាស់បានត្រឹមដក ៣,៥ភាគរយ ប៉ុណ្ណោះ។

តំបន់នេះនឹងមានពន្លឺក្តីសង្ឃឹមគ្រាន់បើបន្តិចវិញនៅក្នុងឆ្នាំ២០២១ ដោយពេលនោះសេដ្ឋកិច្ចរបស់ចិនត្រូវបានរំពឹងថានឹងកើនដល់ ៧,៩ភាគរយ ហើយផ្នែកដទៃទៀតក្នុងតំបន់បាន ៥,១ភាគរយបើផ្អែកលើការសន្មតអំពីការរើបឡើងវិញជាបន្តបន្ទាប់និងអំពីប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចធំៗមួយចំនួនភ្ជាប់ជាមួយលទ្ធភាពដែលនឹងអាចមានថ្នាំវ៉ាក់សាំងចាក់ការពារជំងឺនេះផង។

យ៉ាងណាក៏ដោយ សម្រាប់ពីរឆ្នាំខាងមុខទិន្នផលសេដ្ឋកិច្ចត្រូវបានព្យាករទុកថានៅតែបន្តនៅទាបជាងកម្រិតព្យាករនាមុនពេលមានការផ្ទុះមេរោគនេះ។ ទស្សនៈវិស័យដូចជាមិនសូវល្អសោះសម្រាប់ប្រទេសកោះមួយចំនួនមានហានិភ័យខ្ពស់ក្នុងតំបន់ប៉ាស៊ីហ្វ៊ិកដែលនៅទីនោះទិន្នផលសេដ្ឋកិច្ចត្រូវបានព្យាករថានឹងនៅមានប្រហែល១០ភាគរយទាបជាងកម្រិតមុនមានវិបត្តិបាច់ពីពេលនេះរហូតដល់ពេញមួយឆ្នាំ២០២១ ទៅទៀត។

ភាពក្រីក្រត្រូវបានព្យាករថានឹងកើនឡើងជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ប្រជាជនរហូតដល់ទៅ ៣៨លាននាក់ត្រូវបានរំពឹងថានឹងបន្តជាប់ក្នុងភាពក្រីក្រដដែល ឬត្រូវបានរុញទម្លាក់ទៅក្នុងភាពក្រីក្រវិញ ដោយសារការរាលដាល់ជំងឺនេះ (នេះបើគិតតាមបន្ទាត់ភាពក្រីក្រជាតម្លៃទឹកប្រាក់ ៥,៥០ដុល្លារអាមេរិកក្នុងមួយថ្ងៃ សម្រាប់ប្រទេសមានចំណូលខ្ពស់មធ្យម)។

បន្ទាប់ពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលនៅក្នុងតំបន់នេះបានប្តេជ្ញាឧបត្ថម្ភទុនជាមធ្យមជិត ៥ភាគរយនៃផ.ស.ស ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល, ជួយក្រុមគ្រួសារដោះស្រាយបញ្ហាស្បៀង, និងជួយទ្រទ្រង់ក្រុមហ៊ុនឱ្យរួចផុតពីការក្ស័យធន។

ទោះបីជាយ៉ាងនេះក្តី ប្រទេសមួយចំនួននៅជួបការលំបាកក្នុងការពង្រីកកម្មវិធីគាំពារសង្គមរបស់ខ្លួនដែលមានលក្ខណៈតូចចង្អៀតដែលពីមុនមកគេធ្លាប់តែចំណាយទៅលើមិនដល់ ១ភាគរយ នៃផ.ស.ស ផង ដូច្នេះការបន្តជួយយូរនឹងបង្កើតសម្ពាធទៅលើមូលដ្ឋានចំណូលរបស់រដ្ឋាភិបាលដែរ។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា “ជំងឺកូវីដ-១៩មិនគ្រាន់តែប៉ះពាល់ធ្ងន់ធ្ងរទៅលើជនក្រីក្រខ្លាំងជាងគេប៉ុណ្ណោះទេ តែវាថែមទាំងកំពុងបង្កើតឱ្យមាន«អ្នកក្រថ្មី»មួយក្រុមទៀត។ តំបន់នេះកំពុងតែប្រឈមនឹងអ្វីដែលមិនដែលកើតមានឡើង ហើយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់កំពុងតែជួបប្រទះនឹងជម្រើសដ៏លំបាកមួយ”។

លោកស្រី បានបន្តថា “ប៉ុន្តែមានជម្រើសគោលនយោបាយវៃឆ្លាតដែលអាចយកមកប្រើដើម្បីសម្រាលស្ថានភាពលំបាកក្នុងការធ្វើថ្នូរខាតបង់អ្វីម៉្យាងដើម្បីបានអ្វីមួយមកវិញ ហើយជម្រើសទាំងនោះមានដូចជាសមត្ថភាពធ្វើតេស្តមេរោគនិងតាមដានប្រភពឆ្លងនិងការពង្រីកចំណាត់ការគាំពារសង្គមឱ្យបានយូរទៅលើជនក្រីក្រនិងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម”។

ទោះបីជាយ៉ាងណគ៏ដោយ របាយការណ៍នេះព្រមានថា ប្រសិនបើគ្មានចំណាត់ការសកម្មភាពច្រើនមុខព្រួញនៅក្នុងពេលនេះ ការរាលដាលជំងឺនេះអាចនឹងកាត់បន្ថយកំណើននៅទូទាំងតំបន់នេះជិត ១ភាគរយក្នុងមួយឆ្នាំ ក្នុងអំឡុងពេលមួយទសវត្សរ៍ខាងមុខ ដោយតាមរយៈនោះគ្រួសារក្រីក្រនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែគេខ្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព, ការអប់រំ,ការងារ និងហិរញ្ញវត្ថុសម្រាប់ចិញ្ចឹមជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here