ក្រុមហ៊ុន De Heus THM បោះទុនវិនិយោគ១៥លានដុល្លារសាងសង់រោងចក្រផលិតចំណីសត្វ

ដោយៈ វិវត្តន៍

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានរៀប ចំពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី “ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា” ដែលត្រូវចុះហត្ថលេខារវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រុមហ៊ុន De Heus។


រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានអញ្ជើញជាសាក្សី ក្នុងពិធីដ៏មានសារសំខាន់នេះ ព្រមជាមួយវត្តមាន លោកជំទាវ Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក Harry Schimmel នាយកក្រុមហ៊ុន De Heus THM Company Limited ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានមួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេង សាខុនបានមានប្រសាសន៍ថា ក្រសួងកសិកម្ម ជានិច្ចកាលបានគិតគូ យកចិត្តទុកដាក់ សហការ ឧបត្ថម្ភគាំទ្រ និងកៀរគរគ្រប់ភាគីពាក់ព័ន្ធមានតាមអភិក្រម ៖ រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ ដើម្បីសហការគ្នាបង្កើតបានជាចលករ និងបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដាំដុះ កែច្នៃផលិតផលកសិកម្មដោយចាប់ពី A to Z (ការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ស្តុកទុក ដឹកជញ្ជូន ចែក ចាយ ឬនាំចេញ)។ ភាពប្រទាក់ក្រឡាគ្នាក្នុងខ្សែច្រវាក់ផលិតកម្មនេះ ធ្វើឲ្យក្រសួងនឹកគិតដល់តួអង្គសំខាន់ទាំងបី ដែលចាំបាច់ខានមិនបាន ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម ហើយនេះគឺជាដើមចម ដែលក្រសួងបានដាក់ចេញនូវអភិក្រម “រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍”។

ក្រសួងបានដើរតួនាទីជាតួអង្គផ្ចុងផ្តើម ផ្គូផ្គង កៀគរ និងសម្របសម្រួ​លឲ្យគាគីទាំងបីសហការគ្នា ក្នុងការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា កិច្ចសន្យាផ្គត់ផ្គង់វត្ថុធាតុដើម និងកិច្ចសន្យាផ្តល់ឥណទាន ឬកម្ចី ជាដើម។ល។

ព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបានប្រសូត្រចេញពីការខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការគ្នាបានល្អរវាងភាគីពាក់ព័ន្ធ ឈានមកសម្រេចបាននូវកិច្ចព្រមព្រៀងកម្ចីឥណទាន ដើម្បីយកមកអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មចំណីសត្វ ដែលក្រុមហ៊ុន De Heus បាននិងកំពុងដំណើរការយ៉ាងសកម្ម ឆ្លើយតបបានទាន់ពេលទៅនឹងកំណើនផលិតកម្មសត្វ (ជ្រូក ត្រី និងបក្សី) នាពេលបច្ចុប្បន្ន។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញប្បទាននាពេលនេះ ប្រាកដនឹងជួយធ្វើឲ្យខ្សែច្រវាក់ផលិតកម្មចំណីសត្វ មានការវិវឌ្ឍន៍កាន់តែល្អប្រសើរ ធានាបានទាំងបរិមាណផលិត គុណភាពចំណី សុវត្ថិភាព និងស្តការប្រកួតប្រជែង សម្រាប់ទីផ្សារក្នុងស្រុកនិងការនាំចេញ។

ក្រុមហ៊ុន De Heus THM គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co. Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនរួមទុនថ្មីមួយ។

នាបច្ចុប្បន្នកម្ពុជាមានរោងចក្រ ផលិតចំណីចំនួន២៣ អាចផលិតចំណីសត្វបានប្រមាណ១,២៤លានតោន/ឆ្នាំ អាចផ្គត់ផ្គង់បានត្រឺមតែចំនួន៥៥% នៃសេចក្តីត្រូវការក្នុងស្រុកសរុបចំនួន២,២៧លានតោន/ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here