ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យធានារ៉ាបរងកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវាធានារ៉ាបរង មានចំនួនសរុបប្រមាណ១លាននាក់ ដោយសារកត្តាសេដ្ឋកិច្ចជាតិ និងដង់ស៊ីតេការយល់ដឹងនៅមានកម្រិត។
អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីបើកកម្មវិធីទិវាធានារ៉ាប់រងកម្ពុជា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះថា បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកដែរ យកអត្រាភាគទានធៀបនឹងសេដ្ឋកិច្ច យកចំនួនប្រជាជនយើងដែលមានទាប ផលបុព្វលាភធៀបនឹងប្រជាជ នគឺមានទាបណាស់។
លោកបន្តថា អត្រាភាគទានយើងមានប្រមាណ១,១១ភាគរយ និងដង់ស៊ីតេ មានប្រមាណ១៨,៧៥ដុល្លារក្នុងម្នាក់ ដែលបង្ហាញយ៉ាងច្បាស់ថា ការរីកចម្រើននៃវិស័យនេះ នៅមានកម្រិតទាបណាស់ បើធៀបនឹងតំបន់ និងសាកលលោក។
លោកអគ្គនាយកបានបញ្ជាក់ថា “អត្រាការប្រើប្រាស់ធានារ៉ាប់រងរបស់កម្ពុជាមានចំនួនទាបនេះ ដោយសារធនធានមនុស្ស ហើយការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត”។លោកបន្តថា “ពួកគាត់មិនយល់ច្បាស់អំពីអត្ថប្រយោជន៍នៃធានារ៉ាប់រង ដែលគិតថាជាបន្ទុកនៃការចំណាយទៅវិញ ប៉ុន្តែផ្ទុយទៅវិញការទិញធានារ៉ាប់រងជាការសន្សំ”។
ប្រសិនបើយើងទិញធានារ៉ាប់រង ដូចសន្សំប្រាក់ក្នុងធានារ៉ាប់រងដែរ ព្រោះថា ពេលមានហានិភ័យកើតឡើង ក្រុមហ៊ុនជាអ្នកចេញមុខធានារ៉ាប់រងជំនួសនៃហេតុការណ៍ទាំងនោះ ដែលនេះជាមានសារៈសំខាន់នៃធានារ៉ាប់រង ថាធ្វើឲ្យប្រជាពលរដ្ឋយើងប្រគល់រងនៅគ្រួសារ ក៏ដូចជាសង្គមជាតិ ប្រសិនបើយល់ថាធានារ៉ាប់រង ជាឧបករណ៍មួយសំខាន់ ក្នុងការសន្សំ ដើម្បីបង្ការបន្ទុកហិរញ្ញវត្ថុពេលហានិភ័យកើតឡើង នេះជាចំណុចសំខាន់។
ប៉ុន្តែអ្វីដែលជាក់ស្តែង គឺការយល់នៅមានកម្រិត បានន័យថាតិចតួច នេះក៏ជាតួនាទីរបស់និយ័តករ ក៏ដូចជាសមាគមយើងនឹងប្រឹងប្រែងផ្សព្វផ្សាយ ទាមទារឲ្យរៀបចំជាទិវាចាំបាច់ ដែលរួមចំណែកសំខាន់ណាស់ក្នុងការរំលេចឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនឲ្យបានយល់ និងឃើញថា មានក្រុមហ៊ុនច្រើនណាស់ លំដាប់ពិភពលោក និងលំដាប់តំបន់គឺមានទាំងអស់ ដើម្បីផ្តល់សេវាទាំងអស់នៃធានារ៉ាប់រង ដើម្បីការពារបន្ទុកហិរញ្ញវត្ថុពេលគ្រប់ប្រភេទហានិភ័យដែលកើតឡើង ក្រុមហ៊ុនធានារ៉ាប់រងត្រូវបានធានាទាំងអស់។
ជាមួយគ្នានេះ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ការធានារ៉ាប់រងបានដើរតួនាទីយ៉ាងសំខាន់ និងកានតែចាំបាច់ ដើម្បីបម្រើសេចក្តីត្រូវការដ៏ទូលំទូលាយ សម្រាប់សហគមន៍ទាំងអស់ ទាំងប្រជាពលរដ្ឋ ធុរកិច្ច និងនៅក្នុងសេដ្ឋកិច្ចផងដែរ។ ជាក់ស្តែង ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ពោលគឺក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ បានរួមចំណែកផ្តល់នូវការសម្រាលបន្ទុកហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋ ក៏ដូចជាធុរកិច្ចនានានា ដែលបានជួបប្រទះនូវហានិភ័យ តាមរយៈការទូទាត់សំណង ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ៤១,១លានដុល្លារ ក្នុងឆ្នាំ២០២១ មានការកើនឡើង១១,៣% ធៀបនឹងឆ្នាំ២០២០។
ជាមួយគ្នានេះ ក្រុមហ៊ុនធានារ់ាបរងទាំងអស់ បានចាក់បញ្ចូលូលនិធិទៅក្នុងប្រព័ន្ធធនាគារ ក្នុងទម្រង់ជាប្រាក់បញ្ញើមានចំនួនជាង៥៦០លានដុល្លារក្នុងឆ្នាំ២០២១៕