កូរ៉េកំពុងជួយកម្ពុជាដើម្បីស្រាវជ្រាវពូជពោតក្រហមដើម្បីជម្រុញការនាំចេញ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ កម្មវិធីកសិក​ម្មអន្តរជាតិកូរ៉េទី២ ​បាននិងកំពុងជួយកម្ពុជា ដើម្បីស្រាវជ្រាវពូជ​ពោតក្រហម ​ដែលជា​គ្រាប់ពូជ​អី​ប្រ៊ិ​ដ​កម្ពុ​ជាទី​២ ​​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ​នាំចេញ​ទៅ​ក្រៅប្រទេស និង​ការផលិត​ចំណី​សត្វ​នៅក្នុង​ស្រុក​។​

នៅក្នុង​ជំនួប​ជាមួយ​ប្រធាន​ថ្មី​នៃ​កម្មវិធី​កសិកម្ម​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOPIA កាលពី​សប្តាហ៍មុន លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ថ្លែងថា កម្មវិធី​កសិកម្ម​អន្តរជាតិ​កូរ៉េ KOPIA បាន​ជួយ​យ៉ាងច្រើន​ លើ​ការងារ​បណ្ដុះបណ្ដាល ស្រាវជ្រាវ​ពូជ​ដំណាំ​ដែល​កំពុងមាន​សក្ដានុពល ដូចជា​ពូជ​ពោតក្រហម ដែលជា​ដំណាំ​ដ៏​មាន​សក្ដានុពលសម្រាប់​កម្ពុជា ដោយ​ពូជ​ថ្មី​នេះ​នឹង​អាច​ពង្រីក​ផលិតកម្ម​ ឱ្យ​កាន់តែច្រើន ស្របតាម​ទស្សនវិស័យ​វែងឆ្ងាយ​របស់​ក្រសួង ​ក្នុង​ការជំរុញ​ការផលិត ផ្គត់ផ្គង់​ទូទាំងប្រទេស​សម្រាប់​ផលិត​ចំណី​សត្វ និង​ឈានទៅ​ធ្វើការ​នាំចេញ​ពោតក្រហមឱ្យ​បាន​ច្រើន​ថែមទៀត​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បញ្ជាក់ថា​ “យើងសូម​ស្នើ​ដល់​ភាគី​កូរ៉េ និង​អគ្គនាយកដ្ឋាន​កសិកម្ម​បន្ត​កិច្ចសហការ​ដ៏​ល្អ​នេះ ដើម្បី​ជំរុញ​ការផលិត និង​បន្ត​ការ​បង្កាត់​ពូជ​ថ្មីៗ​បន្ថែមទៀត គឺ​ពូជ CHM02 និង CHM03​”។ លោកបន្តថា “ទន្ទឹមនឹងនេះ ដើម្បី​និរន្តរភាព​នៃ​ការផលិត និង​បង្កាត់​ពូជ​ថ្មី​នេះ ​សម្រាប់​ផ្គត់ផ្គង់​ទូទាំងប្រទេស គួរ​ពិនិត្យ ពិចារណា និង​ជ្រើសរើស​វិស័យ​ឯកជន​ដែលមាន​ទាំង​ធនធាន និង​សក្ដានុពល​ឱ្យ​ចូលរួម​ក្នុង​ការងារ​នេះ”។​

ជាមួយគ្នានេះ ​លោក Song Young Ju ប្រធាន​ថ្មី​នៃ​កម្មវិធី​កសិកម្ម​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOPIA បាន​លើកឡើងថា ថា ពូជ CHM01 គឺ​ទទួល​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង ​សិក្សា​ស្រាវជ្រាវ និង​បង្កាត់​ដោយ​អ្នកជំនាញការ​កូរ៉េ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​នៅ​ស្ថានីយ​ពិសោធន៍​កសិកម្ម ​បន្ទាយដែក​លើ​ផ្ទៃដី៧ហិកតា ដើម្បី​ចែកជូន​កសិករ​តាម​ខេត្ត​គោលដៅ​។​

លោក​បានបញ្ជាក់​ទៀត​ “ពូជ​អី​ប្រ៊ិ​ដ​កម្ពុ​ជាទី​១ (CHM01) នេះ​គឺជា​ពូជ​ដ៏​ល្អ និង​អាច​ប្រកួតប្រជែង​ជាមួយ​ពូជ ​នាំចូល​មកពី​បរទេស​បាន ហើយ​ផែនការ​អនុវត្ត៣​ ឆ្នាំ ២០២១-២០២៣”។

លោក​បាន​បន្ថែមថា កំណើន​នៃ​តម្រូវ​ពូជ​អី​ប្រ៊ិ​ដ​កម្ពុ​ជាទី​១ (CHM01) ដែលជា​ពូជ​ដំបូង​គេ​របស់​កម្ពុជា​នេះ កាន់តែ​មានការ​កើនឡើង ដោយសារតែ​កសិករ​មើលឃើញថា ពូជ​នេះ​មានគុណ​ភាពល្អ ​និង​ប្រើ​រយៈពេល​ខ្លី​ក្នុង​ការដាំដុះ ដែល​ប្រសើរ​ជាង​ពូជ​ពោត​ដែល​នាំចូល និង​ធ្លាប់​ដាំ​ដុះ​កន្លងមក​។​

​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា​ទបានបង្ហាញថា ការនាំចេញគ្រាប់ពោតមានការថយចុះ ដោយ​សម្រេចបានចំនួន៨៤,៨៩៨,៩០តោន សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២២ ធ្លាក់ចុះចំនួន៣៩,៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here