ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ត្រូវបានបង្កើតឡើងរួមគ្នានៅក្នុងឆ្នាំ២០២០ ដោយដាក់ឈ្មះថា “សហ” ស្ថាបនិកបីរូបទំនងជាមានគំនិតរួមគ្នា ដើម្បីជួយអភិវឌ្ឍន៍សហគ្រិននៅកម្ពុជា។
ក្រោមកិច្ចសហប្រតិបត្តិការរបស់មិត្តភក្តិ៣រូប លោក ឃុត សុខាន ជាតំណាងមូលនិធិប៊ុកប្រ៊ីដច៍ (BOOKBRIDGE) ប្រចាំនៅកម្ពុជា លោកផូល ហ្គៀល ស្ថាបនិក Sonas World និងកញ្ញាម៉ារៀន ម៉ូសើរ៍ អតីតអ្នកស័្មគ្រចិត្តរបស់ប៊ុកប្រ៊ីដច៍នៅកម្ពុជា និងអ្នកវិនិយោគលើថ្នាលសហ។
ស្ថាបនិក “សហ” សុខានបានបង្ហាញអំពីគោលបំណងនៃការបង្កើត សហ ឡើងថា “យើងបង្កើត សហ ផ្ដោតទៅលើការផ្ដល់ជាថ្នាលមួយសម្រាប់ផ្ចុងផ្ដើមសហគ្រិន ព្រោះយើងមើលឃើញថា មានសហគ្រិនច្រើនដែលគាត់ចង់ចេញដំណើរបង្កើតអាជីវកម្មខ្លួនឯង តែមិនសូវមានឱកាសក្នុងការទទួលបានការបណ្ដុះបណ្ដាល ទាក់ទងនឹងការងារអាជីកម្ម ឬសហគ្រិនភាព”។
លោកបន្ថែមថា “យើងគិតថាចង់ធ្វើអ្វីម្យ៉ាង ដែលអាចជួយគាំទ្រដល់គាត់ ដូច្នេះ យើងបានបើកជាវគ្គបណ្ដុះបណ្ដាល ដោយការជួយយកគំនិតអាជីវកម្មរបស់គាត់មកគិតគូរ និងរៀបចំ ដំណើរការទៅជាអាជីវកម្មជាក់លាក់មួយផ្អែកលើធនធាន និងជំនាញដែលគាត់មាន”។
មកដល់ពេលនេះ សហ មានអាយុកាលជាង២ឆ្នាំហើយ ដោយលោកបានរៀបចំកម្មវិធីបាន២ដងដែរ ដែលក្នុងនោះ ក្រុមទី១ មានអ្នកចូលរួម ៨នាក់ និងក្រុមទី២ មានគ្នា៤នាក់។ តែបច្ចុប្បន្នមានតែ១០នាក់ទេ ដែលបានចេញដំណើរជាសហគ្រិនពេញលេញ ជាអាជីវកម្មខ្នាតតូច។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ លោក សុខាន ប្រាប់ថា កាលពីវគ្គដំបូងគឺកម្មវិធីប្រព្រឹត្តទៅក្នុងរយៈពេល៤ខែ ដោយចែកចេញជា៥ម៉ូឌុល។ ម៉ូឌុលទី១ គឺស្វែងរកគោលបំណងផ្ទាល់ខ្លួន ម៉ូឌុលទី២ ស្វែងរកគំនិតអាជីវកម្ម ម៉ូឌុលទី៣ រៀបចំធ្វើគំរូអាជីវកម្ម ម៉ូឌុលទី៤ រៀនបំណិនដែលត្រូវការ និងម៉ូឌុលទី៥ គាំទ្រ និងដំណើរការអាជីវកម្ម។
ប៉ុន្តែ សម្រាប់ក្រុមទី២ ក្រោយពីបានរៀនសូត្រពីក្រុមទី១ លោកឃើញថា ពេលវេលាហាក់យូរ ដែលធ្វើឱ្យសហគ្រិន រៀងថមថយការគិតស៊ីជម្រៅចំពោះអ្វីដែលគាត់ត្រូវធ្វើ លោកក៏សម្រេចចិត្ត ពង្រួញពេលវេលាមកជា៣ខែវិញ ដោយរក្សានូវកម្មវិធីដដែល។
បើទោះបីជាមិនមានលក្ខខណ្ឌអ្វីដើម្បីចូលរួម តែលោកឱ្យដឹងថា “មុនពេលចាប់ផ្ដើម យើងតែងសួរនាំអ្នកចូលរួម ថាគាត់អាចចូលរួមជាមួយយើងបានប៉ុនណា ? ព្រោះយើងចង់រកអ្នកដែលគាត់ស៊ូ និងស្រលាញ់ពេញចិត្តអ្វីដែលគាត់ធ្វើពិតប្រាកដ”។
បើយើងមើលឃើញថា គាត់មានគំនិតអាជីវកម្ម ហើយមានមហិច្ឆតាក្នុងការសម្រេចវា យើងស្វាគមន៍ជានិច្ច និងសម្រាប់គ្រប់គ្នា។
មកដល់បច្ចុប្បន្ន អ្នកដែលចូលរួមជាមួយ សហ ភាគច្រើនអ្នករស់នៅសៀមរាប និងមានអ្នកមកពីខេត្តតាកែវ និងភ្នំពេញផងដែរ។ តែចំពោះចំនួនអ្នកចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាល លោកបានកំណត់អតិបរិមាត្រឹម១០-១២នាក់ ព្រោះលោកចង់មានចំនួនសមស្រប ដែលលោកអាចធ្វើការជាមួយពួកគាត់បានច្រើន៕