សហរដ្ឋអាមេរិកពង្រឹងឥទ្ធិពលសេដ្ឋកិច្ចតាមរយៈការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិក

ដោយ៖ លាងហួរ

អាមេរិក៖ សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌូប៉ាស៊ីហ្វិក ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា នៃមន្ត្រីតំណាងឱ្យប្រទេសចំនួន១៤ចូលរួម។

ប្រទេសទាំង១៤ជាសមាជិកបានចូលរួម ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រីកការឥទ្ធិពលរបស់ខ្លួនជាមួយប្រទេសអាស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងត្រូវរៀបចំឡើង ដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai និងលេខាធិការពាណិជ្ជកម្ម លោកស្រី Gina Raimondo ដែលការិយាល័យរបស់ពួកគេបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលបានបើកដំណើរការកិច្ចប្រជុំពាណិជ្ជកម្ម IPEF កាលពីខែឧសភា ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ចង់ប្រើវាជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់បរិស្ថាន ពលកម្ម និងស្តង់ដារផ្សេងៗទៀត នៅទូទាំងតំបន់អាស៊ី។

ទីក្រុងវ៉ាស៊ីនតោនខ្វះសសរស្តម្ភសេដ្ឋកិច្ច ចំពោះការចូលរួមនៅឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ចាប់តាំងពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកខ្លួនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលទុកឱ្យប្រទេសចិនពង្រីកឥទ្ធិពលរបស់ខ្លួន។

ក្រៅពីសហរដ្ឋអាមេរិក សមាជិកនៃកិច្ចប្រជុំនេះ រួមមាន អូស្ត្រាលី ប្រ៊ុយណេ ហ្វីជី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ចំណែកប្រធានបទសម្រាប់ពិភាក្សា ក្នុងកិច្ចប្រជុំនៅថ្ងៃអង្គាររួមមាន ពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ ពន្ធ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here