អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ៖នៅចុងឆ្នាំ២០២៣រាជធានីភ្នំពេញនឹងលែងខ្វះទឹកប្រើប្រាស់ទៀតហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ខណៈគិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន៦៦ភាគរយហើយ តាមផែនការគ្រោងទុកនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈជំហានទី២សម្រេចបាន ៤២ភាគរយផងដែរ។

ក្នុងឱកាសចុះទៅពិនិត្យពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា ជំហានទី១ អាចផលិតទឹកស្អាត បាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៦៦ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ហើយជំហានទី២ អាចផលិតបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក ឡុង ណារ៉ូ បានបន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

លោករំពឹងថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ពីព្រោះពេលនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក បានពង្រីកបំពង់មេនាំទឹក ដែលដាក់បំពង់រហូតទៅដល់២ម៉ែត្រ ឆ្លងទៅបាតទន្លេសាប ហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រដែលមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាបតែម្តង។

លោក Cedric ROUDE នាយកគ្រប់គ្រងក្រុមហ៊ុនបារាំង VINCI ដែលទទួលសាងសង់រោងចក្រទឹកស្អាតបាក់ខែងនេះបានដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការជាមួយប្រទេសកម្ពុជា ជាពិសេសជាមួយរដ្ឋាករទឹកស្វយ័តភ្នំពេញតាំងពីឆ្នាំ២០១៣មកម្ល៉េះ។

រោងចក្រផលិតទឹកស្អាយបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចំពេល ដែលកម្ពុជាកំពុងប្រឈមខ្លាំងជាមួយនឹងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ មិនមែនជាឧបសគ្គក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតរបស់កម្ពុជាឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here