ដោយ៖ លាងហួរ
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្ពុជាបាននាំចេញកសិផលជាង២,៤លានតោនទៅកាន់ប្រទេសចិនជចាប់ពីឆ្នាំ២០១៩ជដល់ខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន១,៩៤ពាន់លានដុល្លារអាមេរិក។
ប្រទេសកម្ពុជាបាននាំចេញកសិផលចំនួន២៤ប្រភេទ ចូលទៅក្នុងប្រទេសចិន រួមមាន ចេកស្រស់ អង្ករដំណើប ដំឡូងមីស្ងួត ម្សៅដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ កៅស៊ូស្ងួត គ្រាប់ស្វាយចន្ទី និងម្សៅកាកាវ ក្នុងចំណោមផលិតផលផ្សេងៗទៀត។
ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីលោកបានចូលរួមក្នុងវេទិកាកសិកម្មកម្ពុជា-ចិន តាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃពុធ។
លោក វេង សាខុន បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិនបានត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។
លោកបានមានប្រសាសន៍បន្តថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់វិស័យកសិកម្មរបស់កម្ពុជា។ គំនិតផ្តួចផ្តើមនេះក៏បានជួយដល់កម្ពុជាក្នុងការកសាងសួនកែច្នៃផលិតផលកសិកម្ម និងលើកកម្ពស់តម្លៃបន្ថែម នៃផលិតផលកសិកម្ម ព្រមទាំងជួយទាក់ទាញអ្នកវិនិយោគចិនក្នុងវិស័យនេះផងដែរ។
លោក ងួន ឆាយ ប្រធានអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មកម្ពុជា បាននិយាយកាលពីថ្ងៃអង្គារថា កម្ពុជារំពឹងថានឹងនាំចេញមៀនស្រស់ប៉ៃលិន និងត្រីប្រា ទៅកាន់ប្រទេសចិនជាលើកដំបូង នាពេលខាងមុខនេះ៕







