កម្ពុជា-ព្រុយណេពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ

ដោយៈ សុខុម

ភ្នំពេញ: ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា កម្ពុជាក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន និងព្រុយណេ កាលពីថ្ងៃព្រហ​ស្បតិ៍ ទី២១ ខែកក្កដា បានធ្វើការប្តេជ្ញាចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងលើសពីនេះទៀត។

ការប្ដេជ្ញាចិត្តជាថ្មីនេះធ្វើឡើងក្នុងជំនួប តាមរយៈ Video Link រវាងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Erywan bin Pehin Yusof រដ្ឋមន្ត្រីក្រសួងការបរទេសព្រុយណេ។

ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រីទាំង២ ក៏បានពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធ នឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា នៅរាជធានីភ្នំពេញ ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងការបរទេសកម្ពុជា និយាយថា លោកErywan bin Pehin Yusof “បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង របស់ព្រុយណេដារូសាឡិម ចំពោះតួនាទីរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន នៅក្នុងការដឹកនាំអាស៊ាន ឱ្យឆ្លងផុតបញ្ហាប្រឈមធំៗជាច្រើន របស់ពិភពលោកនាពេលបច្ចុប្បន្ន”។

ចំណែកលោកប្រាក់ សុខុន ក៏បានថ្លែងអំណរគុណលោក Erywan bin Pehin Yusof ចំពោះការគាំទ្ររបស់ប្រទេសព្រុយណេ សម្រាប់កម្ពុជា ហើយបានចែករំលែកទស្សនៈរបស់លោក ជុំវិញបញ្ហាពហុភាគីនានា និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍រួម។

ស្របពេលឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេ លោករដ្ឋមន្ត្រីទាំង២ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ រវាងប្រទេសទាំង២ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here