ដោយ: លាងហួរ
ភ្នំពេញ: របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជា ទៅកាន់ប្រទេសសមាជិកផ្សេងទៀត នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់(RCEP) មានចំនួនសរុប៣,២៨ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង១០ភាគរយធៀបនឹងឆ្នាំមុន។
នៅក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ គោលដៅនាំចេញកំពូលទាំងបីរបស់កម្ពុជាគឺ ប្រទេសវៀតណាម ចិន និងជប៉ុន។
យោងតាមរបាយការណ៍ដដែលនេះបានបន្ថែមថា ប្រទេសកម្ពុជាបាននាំចេញផលិតផល មានតម្លៃ១,១៧ពាន់លានដុល្លារ ទៅកាន់ប្រទេសវៀតណាម និង៦១២លានដុល្លារទៅប្រទេសចិន និងទឹកប្រាក់៥៤២លានដុល្លារទៅកាន់ប្រទេសជប៉ុន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមានប្រទេសអាស៊ីប៉ាស៊ី ហ្វិកចំនួន១៥ រួមទាំងប្រទេសសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន១០ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ដៃគូពាណិជ្ជកម្មរួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTAជាកត្តារួមចំណែកជំរុញការនាំចេញរបស់កម្ពុជា។
លោកបានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ថា កំណើននៃការនាំចេញរបស់យើង គឺជាសក្ខីភាពមួយចំពោះការចូលទៅកាន់ទីផ្សារធំ នៃផលិតផលរបស់យើង ទៅកាន់ប្រទេសសមាជិក RCEP ផ្សេងទៀតជាមួយនឹងសម្បទានពន្ធ៕