រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា

ដោយ៖​ សុផារី

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ពិតជាបានផ្តល់នូវផលប្រយោជន៍ ជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម នៅប្រទេសកម្ពុជា។

ជាលទ្ធផល ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់៦ខែដើមឆ្នាំ២០២២កន្លងមកនេះ សម្រេចបានទំហំជាង២,៤លានតោន ដែលក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន២៤មុខផ្សេងទៀត ដែលមានតម្លៃ១៩៤២លានដុល្លារអាមេរិក។

ថ្លែងក្នុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ “ខ្សែក្រវាត់ និងផ្លូវ” នារសៀលថ្ងៃទី២០ កក្កដា ២០២២  លោក វេង សាខុន លើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើវិស័យកសិកម្មក្រោមក្របខណ្ឌ “ខ្សែក្រវាត់ និងផ្លូវ” បានបង្ហាញឱ្យឃើញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់នូវយន្តការសម្របសម្រួលពាណិជ្ជកម្ម គោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការលុបបំបាត់របាំងពាណិជ្ជកម្ម សមាហរណកម្មហិរញ្ញវត្ថុ ការផ្តល់នូវកាលានុវត្តភាពថ្មី និងពង្រីកវិសាលភាពក្នុងការប្រើប្រាស់ថាមពលប្រកបដោយស័ក្តិសិទ្ធិភាព និងមានតម្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាំងអស់នេះគឺជាយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងសួនកសិ -ឧស្សាហកម្មជាដើម។

បន្ថែមលើនេះ លោកបានលើកឡើងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” បានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរ កម្ពុជា-ចិន វិនិយោគបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ពិសេស ធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍរួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទំាងពីរ ប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រីបានបន្តថា គោលនយោបាយដែលបានបង្កើតឡើងដោយរដ្ឋាភិបាលទាំងពីរពិតជាបានផ្តល់ឱកាស និងលើកទឹកចិត្តដល់សហគ្រាសធ្វើការវិនិយោគ បង្កើនសមត្ថភាពផលិត ធ្វើឱ្យប្រសើរនូវវិស័យកសិ-ឧស្សាហកម្ម ការពង្រីកទំហំទីផ្សារកសិផល សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ពិតជាបានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាក់ស្តែង ៖

 

ទី១. ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្តីពី “ដំណាំស្រូវ ដំឡូងមី បន្លែ ផ្លែឈើត្រូពិក ពោត កៅស៊ូធម្មជាតិ ត្រី សត្វ” ។ល។ បង្កើតតំបន់សម្រាប់បង្ហាញអំពីកសិកម្ម និងជំរុញបច្ចេកវិទ្យាកសិកម្ម បទពិសោធន៍គ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្នុងកិច្ចខិតខំធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផលិត ការកែលម្អគុណភាព និងស្តង់ដារផលិតផល។

 

ទី២. ការកែច្នៃផលិតផលកសិកម្ម រួមទាំងការបង្កើតសួនកែច្នៃ ដើម្បីបង្កើនតម្លែបន្ថែម ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី។

ទី៣. ការផ្តល់បរិយាកាសល្អសម្រាប់វិនិយោគគិនចិន ដើម្បីវិនិយោគលើផលិតកម្មកសិកម្ម និងនាំចេញទៅប្រទេសចិន ដូចជាការវិនិយោគលើផលិតកម្មស្រូវ និងនាំចេញអង្ករ ដំឡូងមី ផ្លែចេក ស្វាយ និងផលិតកម្មកសិកម្មដទៃទៀត។

 

ទី៤. ការគាំទ្រទាំងបច្ចេកទេស ការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ និងធនធានថវិកាសម្រាប់ជំរុញផលិតកម្មកសិកម្មនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here