NBC៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានកើនឡើងដល់ ២០ពាន់លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំបេញ៖ ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២០ ពាន់លានដុល្លារ ខណៈទុនបម្រុងអចលនទ្រព្យនេះអាចធានាការនាំចូលទំនិញ និងសេវានាគ្រាបន្ទាប់បានប្រមាណ ១០ ខែ ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣ ខែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គឺកើនឡើងជាង ១០០ ដង។ នេះបើយោងតាមការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)។

ថ្លែងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញចុងខែកញ្ញា លោក បានលើកឡើងថា វិស័យធនាគារបានបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងបានពង្រីកវិសាលភាពសេវាកម្មនៅទូទាំងប្រទេសដោយទ្រព្យសកម្មរបស់វិស័យធនាគារបានកើនឡើង ៩៣ ដង ឥណទានបានកើនឡើង ១៧៨ ដង និងប្រាក់បញ្ញើកើនឡើង ៩៥ ដង បើប្រៀបធៀបរវាងចុង និងដើមនៃ ២ ទសវត្សរ៍ចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា “នៅចំពោះមុខស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលមានភាពមិនប្រាកដប្រជាខ្ពស់ជាមួយនឹងការរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា យើងនៅមានបញ្ហាប្រឈម និងការងារជាច្រើនទៀតដែលត្រូវបន្តអនុវត្ត និងទាមទារនូវកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ដើម្បីបន្តសម្រេចបាននូវប្រព័ន្ធធនាគារមួយប្រកបដោយប្រសិទ្ធភាពពិពិធកម្ម និងបរិយាប័ន្នសំដៅគាំទ្រចីរភាពនៃកំណើន បង្កើនចំណូលរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់”។

កម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (World Bank)។ 

ធនាគារពិភពលោក បានឱ្យដឹងថា តម្រូវការក្នុងស្រុករួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផងកំពុងតែងើបឡើងវិញ។ កម្ពុជានិងចិនបានប្រកាសបញ្ចប់ការចរចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ (CCFTA)រួចហើយៗកិច្ចព្រមព្រៀងនេះទំនងជានឹងចូលជាធរមានក្នុងឆ្នាំ២០២១។  

ធនាគារពិភពលោក បានឱ្យដឹងទៀតថា នៅក្នុងពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០២០ គម្រោងវិនិយោគផ្ទាល់ពីបរទេសដែលទទួលការអនុម័តរួចមានតម្លៃសរុបកើនប្រហែល ៤០ភាគរយប្រៀបធៀបទៅនឹងរយៈកាលដូចគ្នាក្នុងឆ្នាំ២០១៩។ 

នៅមុនពេលមានវិបត្តិសកលកើតឡើងដោយសារការផ្ទុះរាលដាលជំងឺកូវីដ-១៩ កម្ពុជាមានសេដ្ឋកិច្ចដែលមានកំណើនដល់ទៅ ៧,១ភាគរយក្នុងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here