រុស្ស៊ី និងមីយ៉ាន់ម៉ា គ្រោងសហការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ា

ដោយៈ សុខុម

វៀងចន្ទន៍: នាយឧត្តមសេនីយ៍ មីង អុនឡាំង ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានជួបជាមួយអគ្គនាយកក្រុមហ៊ុន ថាមពលរដ្ឋរុស្ស៊ី Rosatom កាលពីថ្ងៃទី១១ ខែកក្កដា ក្នុងគោលបំណងសហការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២០ ខែកក្កដា។

មេដឹកនាំមីយ៉ាន់ម៉ា រូបនេះបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី      រយៈពេលមួយសប្ដាហ៍ ហើយអំឡុងដំណើរទស្សនកិច្ចនេះ លោកក៏បានជួបជាមួយលោកAlexey Likhachev អគ្គនាយកក្រុមហ៊ុនថាមពលរដ្ឋ Rosatom ដែលបានឈានដល់ការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាច្រើន ហើយប្រទេសទាំង២ មានបំណងធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនៅមីយ៉ាន់ម៉ា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសទាំង២ កំពុងទទួលរងការដាក់ទណ្ឌកម្ម កាន់តែច្រើនឡើងៗពីសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយទណ្ឌកម្មបានរារាំងសមត្ថភាពរបស់ពួកគេ ក្នុងការសហការលើគម្រោងបែបនេះ ជាមួយប្រទេសដទៃទៀត។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានស្នើសុំឱ្យអាស៊ាន ជួយដាក់សម្ពាធបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ា។

នេះជាដំណើរទស្សនកិច្ចលើកទី២ របស់ឧត្តមសេនីយរូបនេះទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីមានរដ្ឋប្រហារ ដែលបានលើកបន្តុចឱ្យលោកឡើងកាន់អំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បានផ្តោតលើការទៅចុះទៅពិនិត្យមើលក្រុមហ៊ុនម៉ៅការ ផលិតសព្វាវុធការពារជាតិ ប៉ុន្តែដំណើរទស្សនកិច្ចលើកនេះ ផ្តោតជាចម្បងលើការចុះទៅពិនិត្យមើល ស្ថាប័នវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងការចុះទៅពិនិត្យមើលទីភ្នាក់ងារ អវកាសរុស្ស៊ី Roscosmos ផងដែរ។

មេដឹកនាំរូបនេះ ក៏បានពិភាក្សាជាមួយអាជ្ញាធរការពារជាតិរុស្ស៊ី អំពីកិច្ចសហប្រតិបត្តិការយោធា និងការធ្វើសមយុទ្ធហ្វឹកហ្វឺនជាមួយកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ផងដែរ។

ទោះជាយ៉ាងណា លោកមីង អុងឡាំង មិនបានចូលជួបសវនាការសម្ដែងការគួរសមជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នោះទេ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ឱ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងជាលក្ខណៈ “ឯកជន”៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here