អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជិត២ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករ បានចំនួន ៧៩៨០,៥៧ប៊ីលានរៀល  (ប្រមាណជា១៩៧០,៥១លានដុល្លារ) ដែលស្មើនឹង ៦៩,៨៩% នៃច្បាប់ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១។

ការបង្ហាញពីប្រាក់ចំណូលពន្ធនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា ការប្រមូលពន្ធនេះកើនឡើងចំនួន១ ៨៣៣,៥៩ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤លានដុល្លារ) ស្មើនឹង ២៩,៨៧%។

ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល២៧,១៩% អាករលើតម្លៃបន្ថែម៣៣,៣៧% ពន្ធលើប្រាក់បៀវត្ស២៥,១៦% អាករពិសេស៣៤,០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ៤៤,៣៨% និងពន្ធលើឈ្នួលផ្ទះ និងដី១០,១២%។

លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ ដែលលទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃកំណែទម្រង់ ទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការយកចិត្តទុកដាក់ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here