ដោយ៖ លាងហួរ
ភ្នំពេញ៖ របាយការណ៍ប្រតិបត្តិករមួយ បានឱ្យដឹងពីថ្ងៃចន្ទថា ទំហំការនាំចូល និងការនាំចេញ ឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលវិនិយោគដោយចិន បានកើនឡើងដល់១,៣៧ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ដោយកើនឡើង៣៨ភាគរយ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅក្នុងខេត្តមាត់សមុទ្រ ភាគនិរតី នៃខេត្តព្រះសីហនុ ដែលជាតំបន់ឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសកកម្ពុជា។
របាយការណ៍ដដែលនេះ បានបង្ហាញថា ដោយប្រឈមមុខនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអនុវត្តវិធានការបង្ការជំងឺរាតត្បាតជាក់ស្តែង និងល្អិតល្អន់ ដែលបានជំរុញការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងរក្សាសន្ទុះនៃកំណើន។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា SSEZ គឺឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា SSEZ បានផ្តល់ការងារជាច្រើនដល់កម្មករ និងធ្វើជាគំរូសម្រាប់ឧស្សាហកម្មចង្កោម និងជាមូលដ្ឋានសម្រាប់ការនាំចេញ។
លោក នាគ ចាន់ដារិទ្ធ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃកម្ពុជា មានប្រសាសន៍ថា តំបន់ឧស្សាហកម្មនេះគាំទ្រយ៉ាងខ្លាំងដល់ការនាំចេញរបស់ប្រទេស ក្នុងអំឡុងពេល និងក្រោយពេលជំងឺរាតត្បាត។
លោកបន្ថែមថា SSEZ រួមជាមួយនឹងគម្រោង BRI ផ្សេងទៀតបាន និងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយជំងឺរាតត្បាតកូវីដ១៩៕