តើឡានទេសចរណ៍និងឡានដឹកទំនិញធុនធំជិះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវចំណាយប៉ុន្មានក្នុងមួយជើង?

ដោយ៖ សុផារី

ភ្នំពេញ៖ ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំដំបូង មានតម្លៃតិចជាង៨សេន និងទៅតាមប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។

នេះបើយោងតាមប្រសាសន៍ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញបន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿន ចាប់ពីឆ្នាំទី២តទៅ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា គឺចាប់ផ្តើមយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា “សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿននេះ នៅក្នុងឆ្នាំទី១នេះ គឺយកតិចជាង៨សេន និងទៅតាមប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ឡានតូច គឺយក១២ដុល្លារក្នុងមួយជើង។ ចំពោះឡានធំឡានដឹកទំនិញ យក៦០ដុល្លារ តាមប្រភេទឡានពី១២ដុល្លារ ឡើងដល់៦០ដុល្លារ។ ចាប់ពីឆ្នាំទី២ តទៅ គឺចាប់ផ្តើមយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here