តម្លៃអាផាតមិនជាមធ្យមនៅទីក្រុងសេអ៊ូលហក់ឡើងជិត៤ដងក្នុងរយៈពេល១៨ឆ្នាំ

ដោយ៖ លាងហួរ

កូរ៉េខាងត្បូង៖ តម្លៃអាផាតមិនជាមធ្យម នៅទីក្រុងសេអ៊ូល បានកើនឡើងជិត៤ដង ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ ក្រោយពីតម្លៃអាផាតមិនបានហក់ឡើងទ្វេដងក្រោមអាណត្តិរបស់លោក Moon Jae-in ។

អាផាតមេនទំហំ៩៩,១ម៉ែត្រការ៉េ ក្នុងរដ្ឋធានីសេអ៊ូល មានតម្លៃជាមធ្យម១,២៨ពាន់លានវ៉ុន (ប្រមាណ៩៧៣.១៦២ដុល្លារ) គិតត្រឹមខែឧសភា កើនឡើង៩៤០លានវ៉ុន ពីតម្លៃមធ្យមត្រឹម៣៤០លានវ៉ុន ក្នុងខែមករា ឆ្នាំ២០០៤ នេះបើយោងតាមសម្ព័ន្ធប្រជាពលរដ្ឋសម្រាប់ការវិភាគយុត្តិធម៌សេដ្ឋកិច្ច(CCEJ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃអាផាតមិននៅទីក្រុងសេអ៊ូលជាមធ្យម បានកើនឡើងទ្វេដង ក្នុងអំឡុងពេល៥ឆ្នាំ នៃការគ្រប់គ្រងប្រទេសរបស់លោក Moon Jae-in ដោយតម្លៃអាផាតមិនបានកើនឡើងយ៉ាងខ្លាំង ពី៥៩៩លានវ៉ុនក្នុងខែឧសភាឆ្នាំ២០១៧ ដល់១,២៨ពាន់លានវ៉ុនក្នុងរយៈពេលប្រាំឆ្នាំក្រោយមក។

តម្លៃអាផាតមិនបានកើនឡើងពី៣៤០លានវ៉ុន ដល់៥២៥លានវ៉ុន នៅក្រោមការគ្រប់គ្រងរបស់លោក Roh Moo-hyun (២០០៣-២០០៨)។ ក្រោយមក តម្លៃអាផាតមិនបានធ្លាក់ចុះមកត្រឹម៤៩១លានវ៉ុន ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក Lee Myung-bak (២០០៨-២០១៣)។ តម្លៃអាផាតមិនបានកើនឡើងម្តងទៀត នៅក្រោមរដ្ឋបាលលោក Park Geun-hye ដោយហក់ឡើងដល់៥៩៩លានវ៉ុន ក្នុងខែឧសភាឆ្នាំ២០១៧។

តម្លៃអាផាតមិនដ៏ថ្លៃនេះតម្រូវឱ្យកម្មករនៅទីក្រុងសេអ៊ូល ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ៣៦លានវ៉ុន ត្រូវសន្សំប្រាក់អស់រយៈពេល៣៦ឆ្នាំ ទើបអាចទិញអាផាតមិននៅក្នុងទីក្រុងបាន។

ប្រភពពី CCEJ បានឱ្យដឹងថា គម្លាតតម្លៃរវាងអាផាតមិន នៅក្នុងសង្កាត់ថ្លៃបំផុតទាំងបីរបស់ទីក្រុងសេអ៊ូលគឺ Gangnam Seocho និង Songpa  និង២២ផ្សេងទៀត ដែលបានឈានដល់តម្លៃខ្ពស់គ្រប់ពេល គឺ១,៥១ពាន់លានវ៉ុននៅឆ្នាំ២០២២នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here