ដោយៈ សុខុម
ខេត្តឃ្លាំង: នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រថាមពលកម្ដៅ Sông Hậu 1 ក្នុងទីក្រុង Mái Dầm ស្រុក Châu Thanh ខេត្តឃ្លាំង (Hậu Giang) តំបន់ដីសណ្តទន្លេមេគង្គ។
យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឱ្យដឹងថា ការសាងសង់លើគម្រោងតម្លៃ២ពាន់លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុនប្រេង និងឧស្ម័នជាតិវៀតណាម (PetroVietnam) នេះបានចាប់ផ្តើមក្នុងឆ្នាំ២០១៥។
រោងចក្រដែលមានសមត្ថភាព ផលិតអគ្គិសនីសរុប១.២០០មេហ្គាវ៉ាត់ (MW) នេះត្រូវបានដាក់ឱ្យដំណើរការធ្វើអាជីវកម្ម ចាប់តាំងពីថ្ងៃទី៦ ខែឧសភា មកម៉្លេះ ប៉ុន្តែទើបតែសម្ពោធជាផ្លូវការនៅពេលនេះ។ រហូតមកដល់បច្ចុប្បន្នរោងចក្រនេះផលិត និងផ្គត់ផ្គង់អគ្គិសនីបានជាង២ពាន់លានគីឡូវ៉ាត់ម៉ោង (kWh)។
តាមការរំពឹងទុក រោងចក្រនេះ នឹងរួមចំណែកប្រហែល៧,២ពាន់លានគីឡូវ៉ាត់ម៉ោង (kWh ) ក្នុងមួយឆ្នាំដល់បណ្តាញផ្គត់ផ្គង់អគ្គិសនីជាតិ។ ដូច្នេះវាជួយបំពេញ តម្រូវការនៅតំបន់ភាគនិរតី និងប្រព័ន្ធផ្គត់ផ្គង់ថាមពលជាតិ។
យោងតាមការព្យាករថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់រោងចក្រនេះ នឹងឈានដល់ប្រមាណ ចន្លោះពី៦៣៩,៥លានដុល្លារអាមេរិក ទៅ៨៥២,៦លានដុល្លារអាមេរិក៕ Vietnam News)