ស្ថាប័នធនាគារអន្តរជាតិធំពីរ សរសើរកម្ពុជាក្នុងការទប់ស្កាត់សេដ្ឋកិច្ចពីវិបត្តិសេដ្ឋកិច្ចពីកូវីដ១៩

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ដែលអាចទប់ស្កាត់បានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបង្កឡើងដោយវិបត្តិកូវីដ១៩ដែលជាជំងឺសកល ជាពិសេសនោះ កម្ពុជាក៏បានចាត់វិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់មិនអោយជំងឺនេះ ឆ្លងរាលដាលក្នុងសហគមន៍ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី២៩ កញ្ញា ២០២០ បានសរសើរកម្ពុជា ដែលចំណាយថវិកាប្រមាណ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងការអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ ថវិកាប្រមាណ៥ភាគរយនៃផលិតផលក្នុងស្រុកនេះ គឺដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ។

ធនាគារពិភពលោក បានឱ្យដឹងថា ការរាលដាលជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា ពិសេសវិស័យសំណង់ ទេសចរណ៍ និងផ្នែកនាំចេញទំនិញ ដែលទាំងអស់នេះ មានចំណែកជាង៧០ភាគរយក្នុងកំណើនសរុប និង៣៩ភាគរយ នៃការងារមានប្រាក់កម្រៃទាំងអស់ ក្នុងឆ្នាំ ២០១៩ ។

ដោយឡែកធនាគារអភិវឌ្ឍន៍អាស៊ីកាលពីពេលថ្មីៗកន្លងទៅនេះ ក៏បានកោតសរសើរពីកម្ពុជា ក្នុងទប់ស្ថានការនៃជំងឺកូវីដ១៩បាន ដែលអាចឈានដល់ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចបានផងដែរ ។

ជាការកត់សម្គាល់ តាមរយៈការគ្រប់គ្រងបាននូវស្ថានភាពទាំងនេះ ទាំងសេដ្ឋកិច្ច និងស្ថានភាពកូវីដ១៩ ធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍បានដំឡើងការព្យាករសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងនោះ ធនាគារអភិវឌ្ឍន៍បានព្យាករ ថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០ មកនៅត្រឹម-៤ភាគរយ ខណៈប៉ុន្មានខែមុនថា -៥,៥ភាគរយ ។ ដោយឡែកធនាគារពិភពលោកវិញ គឺបានដំឡើងសេដ្ឋកិច្ចកម្ពុជាមកនៅ -២ភាគរយ ខណៈកន្លងមកស្ថាប័ននេះបានព្យាករថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះដល់ -២,៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here