លោកវង្សី វិស្សុត ៖ បើកម្ពុជាមានថៅកែជាជនជាតិខ្មែរកាន់តែច្រើននោះនឹងកាន់តែល្អសម្រាប់សេដ្ឋកិច្ច

ដោយ ៖ ចរិយា
ភ្នំពេញ ៖ លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងទី០៨ កក្កដា ២០២០នេះថា បច្ចុប្បន្ននេះ ក្នុងប្រទេសកម្ពុជាសំបូរទៅដោយកម្មករនិយោជិតច្រើន ក៏ប៉ុន្តែមិនសូវសំបូរថៅកែ ហើយថៅកែភាគច្រើនក៏ជាជនបរទេសទៅទៀត។

មានន័យថាទីផ្សារកំលាំងពលកម្មនៅក្នុងប្រទេសកម្ពុជានៅមានសក្ដានុពលខ្ពស់ និងអាចផ្គត់ផ្គង់កំលាំងពលកម្មទៅកាន់វិនិយោគិនឬថៅកែក្រុមហ៊ុនសហគ្រាសបាន។

លោកបន្តថា ថៅកែៗនិងវិនិយោគិនបច្ចុប្បន្ននេះនៅមានកម្រិតទាបនៅឡើយ ហើយភាគច្រើនក៏ជាថៅកែបរទេស។ បើសិនជាកម្ពុជាមានថៅកែក្នុងស្រុក ថៅកែជនជាតិខ្មែរកាន់តែច្រើននោះវានឹងល្អប្រសើរសម្រាប់សេដ្ឋកិច្ច ព្រោះថាថៅកែក្នុងស្រុកគាត់បានប្រាក់ចំណេញ ហើយនឹងបន្តវិនិយោគបន្ថែមទៀត នៅក្នុងប្រទេស និងបន្តបង្កើតការងារជាច្រើនទៀត ដល់ប្រជាពលរដ្ឋក្នុងស្រុកដែលអាចធ្វើឱ្យពលរដ្ឋក្នុងស្រុកអាចរកចំណូលបានកាន់តែច្រើន កាត់បន្ថយភាពក្រីក្របានកាន់តែច្រើនថែមទៀត។

លោក លើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក ចាប់ផ្ដើមបោះទុនវិនិយោគនិងធ្វើជាថៅកែសម្រាប់កម្មករក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីជួយការងារកម្មករផង និងជួយសង្គមជាតិផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានឱ្យដឹងផងដែរថា មកទល់ពេលនេះបើទោះបីជាកម្ពុជាជួបនឹងបញ្ហាវិបត្តិកូវីដ១៩ក្ដី តែការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅតែមានជាហូរហែរ និងទទួលបានការវិនិយោគជាបន្តបន្ទាប់ពីបរទេស និងក្នុងស្រុក ដែលធ្វើឱ្យបុគ្គលិកកម្មករមួយចំនួនបន្តមានការងារធ្វើ ខណៈមួយចំនួនក៏ប្រឈមនឹងការបាត់បង់ការងារ និងបាត់បង់ការងារធ្វើរួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here