ផលិតផលសក្តានុពលចំនួន០៥មុខទៀតត្រៀម​ចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្រ្តទំនិញ

ដោយ៖ សុផារី

ភ្នំពេញ៖ ផលិតផលចំនួន០៥មុខទៀត រួមមាន អង្ករបាត់ដំបង បង្គារក្រៀមកំពង់សោម បង្គារក្រៀមកោះកុង  ប្រហុកត្រីសៀមរាប អំបិល និងផ្កាអំបិលកំពត-កែប ដែលជាផលិតផល​សក្តានុពលនៃប្រទេសកម្ពុជា ត្រៀម​ចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះជាការបញ្ជាក់របស់លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន​លេខាធិការ​ដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៅក្នុង​សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ទស្សនទាន និងអត្ថប្រយោជន៍នៃ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” និងការបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កាលពីថ្ងៃទី១៥​ ខែកក្កដាម្សិលមិញ។

 

លោកបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីសិក្សាលទ្ធភាពក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព លើវិស័យកសិកម្ម និងជលផលរួមមាន៖ “អង្ករបាត់ដំបង” “បង្គារក្រៀមកំពង់សោម” “បង្គារក្រៀមកោះកុង” និង “ប្រហុកត្រីសៀមរាប” ដែលជាផលិតផលសក្តានុពលនៃប្រទេសកម្ពុជា។

នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយជំនាញការថ្នាក់ជាតិ និងអន្តរជាតិរបស់ អង្គការ WIPO ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបានចុះយកសំណាក់ (ទឹកសមុទ្រ ដី និងអំបិល) ដើម្បីយកទៅពិនិត្យអំពីគុណភាព “អំបិល និងផ្កាអំបិលកំពត-កែប” ក្នុងមណ្ឌលផលិតកម្មទាំង ៧ រួមមាន បឹងទូក ត្រើយកោះ បឹងរួង១ បឹងរួង ២ សេះស កែប និងកំពង់ត្រាច និងទទួលបានលទ្ធផលជាវិជ្ជមាន និងអាចបញ្ចូលក្នុងតំបន់ផលិតកម្ម “អំបិល និងផ្កាអំបិលកំពត-កែប” បាន។

 

នាយកដ្ឋាននឹងសហការជាមួយអង្គការ AFD ដើម្បីរៀបចំបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដើម្បីចូលរួមរៀបចំសៀវភៅលក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុង សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” និងឯកសារពាក់ព័ន្ធផ្សេងៗ។

លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” ឱ្យបានទទួលជោគជ័យ ក្នុងពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here