វិស័យទេសចរណ៍ហាក់ទទួលបានការគាំទ្រច្រើនពីគ្រឹះស្ថានហិរញ្ញវត្ថុ

ដោយៈ លក្ខិណា

ភ្នំពេញៈ បន្ទាប់ពីសកម្មភាពទេសចរណ៍ ក្នុងប្រទេសកម្ពុជាហាក់មានកំណើនឡើងវិញ ក្រោយពីធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២០ និងឆ្នាំ ២០២១កន្លងទៅ វិស័យទេសចរណ៍ក៏មានការគាំទ្រ ពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុក្នុងស្រុក ដើម្បីផ្ដល់ឥណទានស្ដា រនិងជំរុញវិស័យនេះឡើងវិញ។

ជាក់ស្ដែងឃើញថាគម្រោងពីរសំខាន់បានគាំទ្រ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ឱ្យរើបប្រសើរឡើងវិញជាបន្តបន្ទាប់។

នៅដើមខែកក្កដា២០២២នេះ កញ្ចប់ថវិកាប្រមាណ១៥០លានដុល្លារតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោយបដិភាគ៥០ភាគរយពីរាជរដ្ឋាភិបាល និង៥០ភាគរយ បានមកពីការចូលរួមរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើប្រាស់ ហើយប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ក៏អាចដាក់ពាក្យស្នើសុំឥណទានសម្រាប់ប្រើប្រាស់តាមតម្រូវការបានផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈឥណទាននេះ នឹងធ្វើឱ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍នឹងមានលទ្ធភាព ក្នុងការទទួលបានឥណទាន សម្រាប់ពង្រឹងអាជីវកម្មរបស់ខ្លួនឡើងវិញ និងអាចជំរុញឱ្យវិស័យនេះ មានកំណើនតាមរយៈការផ្ដល់សេវាកម្ម ជូនដល់ភ្ញៀវទេសចរទាំងក្នុងស្រុក និងមកពីខាងក្រៅប្រទេស ។

ទន្ទឹមនឹងនេះដែរ ដើម្បីចូលរួមគាំទ្រ ដល់គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការស្តារ និងជំរុញកំណើនក្នុងវិស័យ ទេសចរណ៍ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានដាក់ឱ្យដំណើរការនូវ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍” (Co-Financing Guarantee Scheme for Tourism “CFGS-TR”) បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន កាលពីពេលថ្មីៗនេះឱ្យដឹងថា គម្រោង CFGS-TR ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទានលើកម្ចីសហហិរញ្ញប្បទាន ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (Participating Financial Institutions “PFIs”) របស់ CGCC តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (Tourism Recovery Co-Financing Scheme “TRCS”) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank)។

គម្រោង CFGS-TR របស់ CGCC និងគម្រោង TRCS របស់ SME Bank គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យទេសចរណ៍ ។ ខណៈដែលគម្រោង TRCS មានគោលបំណងកាត់់បន្ថយចំណាយការប្រាក់នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម, CFGS-TR របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចំនួន៨០ភាគរយនៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅកាន់អ្នកខ្ចី។

គម្រោងនេះ នឹងជួយឱ្យមានការបញ្ចេញឥណទានថ្មីៗ នៅក្នុងវិស័យធនាគារ ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះ នឹងត្រូវបានចែករំលែកដោយCGCC រហូតដល់៨០ភាគរយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here