ដំណឹងល្អៈ តម្លៃប្រេងពិភពលោកបានបន្តធ្លាក់ចុះជាថ្មី

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ  តម្លៃប្រេងពិភពលោកបានបន្តធ្លាក់ចុះ បន្ថែមទៀតហើយកាលពីថ្ងៃពុធ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា ដែលជំរុញឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ច។

ប្រេងឆៅអន្តរជាតិម៉ាក Brent កំពុងជួញដូរក្នុងតម្លៃ៩៩.៣៤ ដុល្លារក្នុងមួយបារ៉ែល ពោលថយចុះ០.១៥ភាគរយ បន្ទាប់ពីដាក់លក់តម្លៃ ៩៩.៤៩ ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុន ។

រីឯតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) បានដាក់លក់ក្នុងតម្លៃ៩៥.៧៨ ដុល្លារក្នុងមួយបារ៉ែល ដោយថយចុះ០.០៦ភាគរយ ក្នុងរយៈពេលដូចគ្នានេះ ខណៈធ្លាប់លក់នៅតម្លៃ ៩៥.៨៤ ដុល្លារក្នុងមួយបារ៉ែលកាលពីមួយថ្ងៃមុន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះតម្លៃប្រេងនេះ ក៏ដោយសារតែការផ្លាស់ប្ដូររបស់ធនាគារកណ្តាល ដើម្បីបង្កើនអត្រាការប្រាក់យ៉ាងខ្លាំងក្លា ទប់ទល់នឹងអតិផរណា ការបិទខ្ទប់ទីក្រុងនានារបស់ចិន ដោយសារតែរលកឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក៏ដូចជាការភ័យខ្លាចការធ្លាក់ចុះសេដ្ឋកិច្ចសកលជាដើម។

ស្របពេលជាមួយគ្នានេះ អ្នកលេងទីផ្សារកំពុងតាមដានយ៉ាងដិតដល់លើការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់មជ្ឈិមបូព៌ា ជាកន្លែងដែលលោក នឹងជំរុញឲ្យអារ៉ាប៊ីសាអូឌីត និងប្រទេសឈូងសមុទ្រផ្សេងទៀត បង្កើនការផ្គត់ផ្គង់ប្រេងរបស់ពួកគេ ដើម្បីគាំទ្រដល់ស្ថិរភាពតម្លៃពិភពលោក។

តម្លៃប្រេងពិភពលោកបានធ្លាក់ចុះកាលពីថ្ងៃអង្គារ ដោយសារតែការរឹតត្បិតថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក និងការភ័យខ្លាចតម្រូវការសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ។

ទន្ទឹមនោះ ការធ្លាក់ចុះតម្លៃនេះក៏កើតមានឡើង ស្របពេលដែលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីខ្ទង់ចំណាយរបស់អ្នកវិនិយោគកំពុងធ្លាក់ចុះ។

ចំណែកនៅក្នុងប្រទេសចិនវិញ ទីក្រុងជាច្រើនកំពុងអនុវត្តន៍វិធានការទប់ស្កាត់ការផ្ទុះឡើងថ្មីនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេង និងទីផ្សារពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here