តម្លៃមាសបន្តធ្លាក់ចុះ តើគួរទិញទុកដើម្បីរកផលចំណេញនៅ ពេលវាឡើងថ្លៃឬទេ?

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ហាងឆេងមាសនៅតែបន្តធ្លាក់ចុះតម្លៃដដែល ដោយ១អោន ស្មើប្រមាណ៨ជី ៣ហ៊ុន មានតម្លៃ១,៧២០ដុល្លារ ខណៈមាសមួយតម្លឹងធ្លាក់ចុះពីតម្លៃដើម ២,២០០ ដុល្លារ មកត្រឹម ២,០៦០ដុល្លារ។

ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital លោកឡុង សំណាង បានមានប្រសាសន៍ថា សម្រាប់ខ្ញុំគិតថា មិនគួរទាន់ទិញទេ គឺមូលហេតុមាសនៅបន្តចុះថែមទៀត ដោយខ្ញុំមិនទាន់មើលឃើញមានចំណុចណាមួយ បញ្ជាក់ថា វាបញ្ចប់ការធ្លាក់ចុះថ្លៃនៅឡើយទេ។


ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានពន្យល់ទៀតថា ពាក់ព័ន្ធនឹងគោលនយោបាយ ដូចជាធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក បានដំឡើងថ្លៃអត្រាការប្រាក់ខ្ពស់ជាងមុន ដើម្បីរក្សាតម្លៃលុយរបស់ខ្លួន កាត់បន្ថយអតិផរណា ដែលកំពុងកើនឡើងក្នុងប្រទេស ឬផលវិជ្ជមានមួយចំនួន ដែលធ្វើឱ្យលុយដុល្លារឡើងថ្លៃ បួករួមទាំងអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក នៅក្នុងខែមុនក៏មានស្ថានភាពល្អ។

លោកបន្តថា “ដូច្នេះជាកត្តារុញ​ច្រានឱ្យ​តម្លៃមាស បន្តធ្លាក់ចុះថ្លៃបន្តិចទៀត។ លើសពីនេះទៀត ក៏អាចបណ្តាលមកពីការបញ្ចេញមាស​លក់ពីបណ្តា​ប្រទេសមួយចំនួននៅលើពិភពលោក”។

អ្នកស្រាវជ្រាវ និងតាមដានទីផ្សារមាសរូបនេះ បានណែនាំថា បងប្អូនអាចរង់ចាំទិញ ពេលមាសធ្លាក់ចុះតម្លៃដល់១,៨០០ដុល្លារ ទៅ១,៩០០ដុល្លារ ក្នុងមួយតម្លឹង អាចនឹងទុកលក់បានចំណេញច្រើន។

លើកឡើងស្រដៀងគ្នានេះ ម្ចាស់ហាងមាសពេជ្រ ទី មង្គល បានផ្តល់ជាទស្សនថា សម្រាប់បងប្អូនដែលចង់ចំណេញលឿន ​ពីការជួញដូរមាស មិនគួរទិញនៅពេលនេះនោះទេ ព្រោះមាសអាចនឹងបន្តធ្លាក់ចុះថ្លៃថែមទៀត។ ផ្ទុយទៅវិញលោកថា ប្រសិនបើអ្នកចង់វិនិយោគទិញទុកលក់ចំណេញ រយៈពេលវែងពីរទៅបីឆ្នាំខាងមុខ គួរតែទិញនាពេលឥឡូវនេះបាន។

លោកបានឱ្យដឹងទៀតថា ទីផ្សារទិញលក់មាសរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពុំសូវល្អប្រសើរនោះទេ ដោយសារអ្នកខ្លះរង់ចាំមើលឱ្យចុះថ្លៃបន្តទៀត។ ភាគច្រើននៃអ្នកទិញមាសទុកចំណេញ រង់ចាំដល់តម្លៃមាសនៅថេរ លែងចុះថ្លៃទើបពួកគេចាប់ផ្តើមទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here