IMF ថាសេដ្ឋកិច្ចអាមេរិកបន្តធ្លាក់ក្នុងឱនភាពសម្រាប់ឆ្នាំនេះ និងឆ្នាំខាងមុខ

ដោយៈ សុខុម

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា បានព្រមានថា ការបញ្ចៀសវិបត្តិសេដ្ឋកិច្ច នៅក្នុងសហរដ្ឋអាមេរិក នឹង”កាន់តែពិបាកខ្លាំងឡើង”។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី១៣ ខែកក្កដា នេះ។

ការព្រមាននេះធ្វើឡើង នៅពេលស្ថាប័នអន្តរជាតិមួយនេះ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិក សម្រាប់ឆ្នាំ២០២២ ជាថ្មីម្ដងទៀតមកនៅត្រឹម២,៣% បើធៀបនឹងកំណើន២,៩% ដែលខ្លួនបានព្យាករកាលពីចុងខែមិថុនា នៅពេលទិន្នន័យថ្មីៗបង្ហាញ ពីការធ្លាក់ចុះនូវការចំណាយរបស់អតិថិជន។

ស្ថាប័ននេះ ក៏បានបន្ទាបការព្យាករណ៍កំណើន GDP របស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៣ មកត្រឹម១,០%ផងដែរ បើធៀបនឹងកំណើន១,៧% ដែលខ្លួនបានព្យាករកាលពីថ្ងៃទី២៤ ខែមិថុនា នៅពេលស្ថាប័ននេះ បានជួបជាមួយក្រុមមន្ត្រីអាមេរិក សម្រាប់ធ្វើការវាយតម្លៃប្រចាំឆ្នាំអំពីគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ចុងក្រោយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ត្រូវបានកែសម្រួលដើម្បីឆ្លុះបញ្ចាំងពីការធ្លាក់ចុះ GDP របស់សហរដ្ឋអាមេរិក ក្នុងត្រីមាសទី១ និងទិន្នន័យបង្ហាញពីការធ្លាក់ចុះ នូវការចំណាយរបស់អ្នកប្រើប្រាស់កាលពីខែឧសភា។

ប៉ុន្តែស្ថាប័ននេះ បានបន្តបង្ហាញពីបញ្ហាប្រឈម នៃការហក់ឡើងអតិផរណាខ្ពស់ និងការដំឡើងអត្រាការប្រាក់ខ្ពស់ខ្លាំង ពីសំណាក់ធនាគារកណ្តាលអាមេរិក (Federal Reserve) ដែលចាំបាច់សម្រាប់គ្រប់គ្រងតម្លៃទំនិញ។
នាយកប្រតិបត្តិរបស់ស្ថាប័ន IMF បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា ការហក់ឡើងអតិផរណាខ្ពស់ “បង្កហានិភ័យជាប្រព័ន្ធដល់សហរដ្ឋអាមេរិក ព្រមទាំងសេដ្ឋកិច្ចពិភពលោកផងដែរ”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here